ផ្ទុះល្បីថ្នាក់នេះហើយ រឿង «Squid Game» នៅតែមានអ្នកទើស ព្រោះតែចំណុចមួយនេះ
ទោះបីជាកំពុងទទួលបានប្រជាប្រិយភាព ការសរសើរ ក៏ដូចជាការគាំទ្រទស្សនាយ៉ាងគំហុកពីសំណាក់អ្នកទស្សនាស្ទើរទូទាំងពិភពលោកយ៉ាងណាក្តី ក៏រឿងភាគរបស់កូរ៉េ «Squid Game» នៅតែមានជនមួយចំនួនបានគាស់កកាយទម្លាយការមិនពេញចិត្តទៅលើឈុតមួយចំនួនផងដែរ។
តាមព័ត៌មានបានឱ្យដឹងថា មានមហាជនមួយចំនួនបានចោទផាំងៗទៅលើរឿងនេះ ជាពិសេសទៅលើអ្នកនិពន្ធរឿងផ្ទាល់ថា បានជិះជាន់តម្លៃរបស់ស្រ្តីយ៉ាងមិនសមរម្យ ព្រោះក្នុងនោះវាមានឈុតខ្លះបានបង្ហាញពីស្រ្តី បានប្រើប្រាស់រាងកាយរបស់នាងដើម្បីដោះដូរការកម្សាន្តអារម្មណ៍របស់បុរស។
យ៉ាងណាមិញ លោក Hwang Dong Hyuk ដែលជាអ្នកនិពន្ធ និង ជាអ្នកដឹកនាំផ្ទាល់ ក៏បានចេញមុខបកស្រាយចំពោះការមិនពេញចិត្តរបស់មហាជនមួយនេះ នៅក្នុងការសម្ភាសមួយផងដែរ។ លោកបានឱ្យដឹងថា លោកបាននិពន្ធឈុតនេះឡើង ដោយគ្មានបំណងណាមួយក្នុងការស្អប់បង្កាច់បង្ខូច ឬ ជិះជាន់ទៅលើស្រ្តីអ្វីនោះទេ ពោលគឺលោកគ្រាន់តែចង់បង្ហាញថា នៅពេលដែលទាល់ច្រកអស់ផ្លូវ មនុស្សគ្រប់រូបអាចបង្ខំចិត្តហ៊ានធ្វើអ្វីគ្រប់យ៉ាងដើម្បីតែការពារជីវិតរបស់ពួកគេតែប៉ុណ្ណោះ។
ជាពិសេស តាមពិតទៅឈុតទាំងនេះ បានបង្ហាញទៀតថា អ្នកមានអំណាចពិតជាអាចធ្វើអ្វីបានគ្រប់យ៉ាង សូម្បីតែស្រ្តីក៏គេអាចយកធ្វើជាឧបករណ៍កម្សាន្តបានដែរ។ បើមើលឱ្យជិតនោះ មិនមែនមានតែស្ត្រីនោះទេ ពោលក៏មានបុរសផងដែរ ដែលស្ថិតក្រោមឥទ្ធិពលរបស់អ្នកមានអំណាចទាំងនោះ។
យ៉ាងណាមិញ ទោះបីជាមានការរិះគន់បន្តិចបន្តួចក្តី ក៏រឿង «Squid Game» នៅតែអាចរក្សាប្រជាប្រិយនៅក្នុងអារម្មណ៍ទស្សនិកជនមួយចំនួនផងដែរ ហើយថ្មីៗនេះ គេថែមបង្ហើបទៀតថា រឿងនេះ ថែមទាំងអាចមានវគ្គទីពីរបន្តថែមទៀតផង៕
ប្រភព៖ KBI ZOOM