មកដឹងពីអត្ថន័យពិតនៃស្នាមសាក់ទាំង ១១ នៅលើដងខ្លួនរបស់កំពូលតារាល្បី Angelina Jolie
លោកស្រី Angelina Jolie ជាកំពូលតារាជួរមុខប្រចាំហូលីវូដ និងថែមទាំងជាស្ត្រីចិត្តធម៌មួយរូប ដែលបានទទួលការគោរពស្រឡាញ់យ៉ាងខ្លាំងពីសំណាក់មហាជនទូទាំងពិភពលោក។
យ៉ាងណាមិញ ក្រៅពីមានរូបរាងស្រឡូនសមសួនជាមួយស្បែកសម៉ដ្ឋហើយ គេសង្កេតឃើញថា លោកស្រីបានបន្ថែមភាពទាក់ភ្នែកទៅលើការលេងសិល្បៈសាក់លើដងខ្លួន ដែលបង្ហាញពីភាពរឹងមាំ និងអំណាចតែម្តង។
លើសពីនេះទៅទៀត រូបសាក់ទាំងនោះ តែងមានភាពខុសប្លែកពីគ្នាស្ទើរទាំងអស់ ហើយវាក៏មានបង្កប់នូវអត្ថន័យគួរឱ្យចាប់អារម្មណ៍មួយចំនួននៅពីក្រោយថែមទៀតផង បើទោះបីជាសាក់ខ្លះលោកស្រីបានលុបទៅហើយក្តី។ ដូចនេះ «ប្រជាប្រិយ» សូមទម្លាយនូវអត្ថន័យរបស់ស្នាមសាក់ទាំងនោះ ជូនប្រិយមិត្តអ្នកអានដូចតទៅ៖
១. សាក់នៅលើដើមដៃខាងឆ្វេង
រូបសាក់នេះ តំណាងពីទីតាំងកូអរដោនេ នៃកន្លែងកំណើតរបស់កូនប្រុសស្រីទាំង ៦ និង អតីតស្វាមីលោក Brad Pitt។ យ៉ាងណាមិញ មុននឹងបានមកសាក់រូបនេះ លោកស្រីក៏ធ្លាប់សាក់រូបនាគ ជាមួយនឹងឈ្មោះអតីតស្វាមីលោក Billy Bob ផងដែរ តែត្រូវបានលុបចេញនៅឆ្នាំ ២០០៣ ក្រោយពីអ្នកទាំងពីរ បានលែងលះគ្នា។ បន្ទាប់មក លោកស្រីក៏បានសម្រេចចិត្តសាក់រូបដូចសព្វថ្ងៃពីលើវិញ។
២. សាក់នៅលើខ្នងខាងឆ្វេង
សាក់មួយនេះ ជាយន្តខ្មែរបុរាណ។ លោកស្រីបានសាក់វាឡើង ក្នុងបំណងដើម្បីរំឮកដល់កូនប្រុសច្បងសំណព្វ Maddox ដែលមានឈាមជ័រជាជនជាតិខ្មែរ។ យ័ន្តនេះ ត្រូវបានគេដឹងថា ជាយ័ន្តការពារ ដែលមានន័យថា «សូមឱ្យសត្រូវទាំងឡាយជៀសចាកឆ្ងាយពីរូបអ្នក។ បើអ្នកក្លាយជាអ្នកមានអ្នកបាន សូមឱ្យវានៅជាប់អ្នករហូត។ សូមឱ្យសម្រស់របស់អ្នកស្រស់ដូចជាអប្សរា ពេលអ្នកទៅណាមកណា សូមឱ្យមានមនុស្សតាមបម្រើការពារ និង នៅជិតជាប់ជានិច្ច»។
៣. សាក់ចំកណ្តាលខ្នង
រូបសាក់ទាំង ៣ ចំកណ្តាលខ្នងរបស់លោកស្រីមួយនេះ គឺតំណាងឱ្យទ្វីបទាំង ៤ និង ធាតុទាំង ៤ ដែលមានទឹក ដី ភ្លើង ខ្យល់ ។ លោកស្រីបានសាក់រូបនេះ ដោយប្រើដៃផ្ទាល់នៅទឹកដីកម្ពុជាយើងនេះតែម្តង ខណៈពេលដែលលោកស្រីចុះមកដឹកនាំសម្តែងរឿង «First They killed My father»។
៤. សាក់នៅលើស្មាខាងស្តាំ
សាក់នេះ តំណាងឱ្យមានភាពមានបាន សំណាង និងភាពជោគជ័យក្នុងការងារ ព្រមទាំងការពារពីពពួកអមនុស្សមិនល្អផងដែរ។
៤. សាក់នៅខ្នងខាងក្រោម
សាក់រូបខ្លាមួយនេះ ត្រូវបានគេដឹងថា វាបានតំណាងឱ្យការបានចុះសញ្ជាតិកម្ពុជាពេញសិទ្ធរបស់លោកស្រីនៅឆ្នាំ ២០០៥។
៥. សាក់នៅលើកំភួនដៃខាងឆ្វេង
សាក់នេះជាសាក់លេខរូម៉ាំង ដែលមានន័យជាលេខធម្មតា «១៣.៥.១៩៤០»។ វាជាកាលបរិច្ឆេទថ្ងៃ ដែលលោក Winston Churchill អតីតនាយករដ្ឋមន្រ្តីរបស់ប្រទេសអង់គ្លេសបានឡើងថ្លែងសុន្ទរកថា ដោយបានពោលឃ្លាមួយដ៏ល្បីថា «ខ្ញុំមិនមានអ្វីឱ្យនោះទេ ខ្ញុំមានតែញើសឈាម និងការខំប្រឹងប្រែងប៉ុណ្ណោះ»។
៦. សាក់នៅលើកដៃខាងស្តាំ
សាក់ជារាងអក្សរ H នេះ គេមិនប្រាកដថា លោកស្រីបានសាក់វាឡើងក្នុងបំណងតំណាងឱ្យអតីតមិត្តប្រុស Timothy Hotton ឬ បងប្រុសបង្កើត James Haven របស់លោកស្រីឱ្យប្រាកដនោះទេ។
៧. សាក់នៅលើដើមកខាងក្រោយ
សាក់ជាឃ្លា «Know Your Rights» មួយនេះ ជាឈ្មោះបទចម្រៀងរបស់ក្រុមតន្ត្រី The Clash ដែលលោកស្រីបានស្រឡាញ់ចូលចិត្ត។
៨. សាក់នៅលើកំភួនដៃខាងស្តាំ
សាក់នេះ ជាភាសាអារ៉ាប់ដ៏អាថ៌កំបាំង ដែលបានបង្កើតឡើងដោយអតីតស្វាមីរបស់លោកស្រី លោក Billy Bob នៅពេលដែលអ្នកទាំងពីរកំពុងតែរួមរស់ជាមួយគ្នា។
៩. សាក់នៅចង្កេះខាងមុខក្រោម
សាក់នេះ បានតំណាងឱ្យអតីតស្វាមីលោក Johnny Lee Miller ។ អ្នកទាំងពីរបានរៀបការជាមួយគ្នានៅឆ្នាំ ១៩៩៥។
១០. សាក់នៅដៃខាងឆ្វេង
សាក់ឃ្លា «A prayer for the wild at heart kept in cages» នេះ ជាឃ្លាស្រង់មកពីសៀវភៅ របស់អ្នកនិពន្ធលោក Tennessee William។ លោកស្រីបានសាក់រូបនេះ នៅមុខអ្នកម្តាយផ្ទាល់តែម្តង។
១១. សាក់នៅលើបាតដៃខាងស្តាំ
សាក់មួយនេះ គឺតំណាងឱ្យអ្នកម្តាយលោកស្រី គឺ Marcheline Bertrand ដែលបានលាចាកលោក ដោយសារតែជំងឺមហារីកសុដន់ និងស្បូន។