ទើបផ្ទុះល្បីដំបូងសោះ តួស្រីរឿង «Squid Game» អាចធ្វើរឿងមួយនេះ បំបែក Song Hye Kyo បាន
តារាស្រីសម្តែងចំណូលថ្មីរបស់កូរ៉េ Jung Ho Yeon ថ្មីៗនេះ នាងបានស្រវាក្តោបបេះដូងរបស់មហាជនអ្នកគាំទ្រយ៉ាងច្រើនស្ទើរទូទាំងពិភពលោក ឱ្យអត់ស្រឡាញ់មិនបានឡើយ តាមរយៈការបង្ហាញមុខសម្តែងនៅក្នុងរឿងភាគកំពុងផ្ទុះខ្លាំង «Squid Game» ។
បន្ទាប់ពីបានចាក់បញ្ចាំងឱ្យទស្សនាជាផ្លូវការរួចមក គេសង្កេតឃើញថា ទាំងរឿង «Squid Game» និង តួអង្គ ជាពិសេសតារាស្រី Jung Ho Yoen បានក្លាយជាប្រធានបទដ៏គួរឱ្យចាប់អារម្មណ៍យ៉ាងក្តៅគគុករបស់ទស្សនិកជនទាំងក្នុង និង ក្រៅប្រទេស ទាំងដែលនេះគឺការទើបប្រឡូកក្នុងការសម្តែងរបស់នាងលើកដំបូងប៉ុណ្ណោះ ក្រៅពីអាជីពជាតារាម៉ូដែល។
លើសពីនេះទៅទៀត ជាមួយនឹងប្រជាប្រជាប្រិយភាពដ៏លើសលុបមួយនេះ បានធ្វើឱ្យនាងបានលេចមុនក្នុងការសម្ភាសល្បីៗជាបន្តបន្ទាប់ ជាហេតុនាំឱ្យមានអ្នកចង់តាមដាន ក៏ដូចជាអ្នកចង់ស្គាល់តារាចំណូលថ្មីរូបនេះកាន់តែច្រើនទៅៗមិនដាច់ឡើយ។
ជាក់ស្តែង ថ្មីៗនេះ បណ្តាញគណនី IG របស់នាងបានមានចំនួនអ្នកចុចតាមដាន Follow បំបុកឡើងលឿនយ៉ាងគំហុកជាង ២០ ដង លើសដើមតែម្តង គឺចាប់ពីត្រឹម ៤០០ ០០០ នាក់ រហូតទៅដល់ជាង ១០ ០០០ ០០០ នាក់ឯណោះ គិតត្រឹមតែរយៈពេល ២ សប្តាហ៍ នៃការចាក់ផ្សាយរឿងប៉ុណ្ណោះ។
ជាមួយចំនួនអ្នកតាមដានសរុបប្រហែល ១២.៧ លាននាក់នេះ បានធ្វើឱ្យនាងក្លាយជាតារាសម្តែងស្រីទីពីរប្រចាំប្រទេសកូរ៉េ ដែលមានអ្នកតាមដានក្នុងបណ្តាញ IG ច្រើនបំផុត ពោលគឺឈរនៅចំណាត់ថ្នាក់ខ្ពស់ជាងកំពូលតារាស្រី Song Hye Kyo ដែលនៅត្រឹមចំណាត់ថ្នាក់ទីបីថែមទៀតផង។
យ៉ាងណាមិញ មើលទៅប្រជាប្រិយភាពរបស់តារាសម្តែងស្រីរូបនេះ ហាក់កាន់តែផ្ទុះឡើងទៅៗមិនងាយថមថយឡើយ ជាហេតុធ្វើឱ្យគេរំពឹងថា នាងប្រាកដជាបានលេចមុខនៅក្នុងរឿងភាគល្បីៗនៅពេលខាងមុខទៀជាក់ជាមិនខាន៕
ប្រភព៖ ALL KPOP