ទម្លាយអត្តសញ្ញាណបុរសប្លែកមុខ ដែលកៀកកិតស្អិតល្មួតជាមួយ Jennie នៅប៉ារីស
កាលពីថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២១ កន្លងទៅនេះ ស្រីស្រស់ Jennie សមាជិកក្រុមនារី BLACKPINK បានធ្វើការហោះហើរទៅទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីជាតំណាងឱ្យប្រ៊េនល្បី CHANEL ចូលរួមកម្មវីធីពិព័រណ៍ហ្វេសសិន Paris Fashion Week ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៥ ខែតុលា ឆ្នាំ ២០២១។
ខណៈទៅដល់ទឹកដីប្រទេសបារាំងភ្លាម ស្រីស្អាត Jennie មិនភ្លេចឡើយ ឆ្លៀតចេញទៅលេងស្រូបខ្យល់អាកាសនៅទីកន្លែងស្អាតៗជាច្រើនជាមួយនឹងសមាជិកក្រុម Jisoo ហើយថែមទាំងបបួលពួកម៉ាកមិត្តភក្តិជាជនជាតិបារាំងផ្សេងៗចេញទៅញ៉ាំអាហារក្រោមពន្លឺភ្លើងទៀន នៅក្នុងហាងល្បីៗយ៉ាងសប្បាយរីករាយថែមទៀតផង។
ដោយឡែក កាលពីថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០២១ កន្លងទៅនេះ សមាជិក BLACKPINK រូបនេះ បានបង្ហោះរូបជាច្រើនសន្លឹកនៅក្នុងបណ្តាញ IG ដែលបង្ហាញពីការស្រស់ស្រូបអាហារពេលល្ងាចជាមួយបុរសប្លែកមុខម្នាក់ ព្រមទាំងមើលទៅនាងហាក់ដូចជាស្និទ្ធស្នាលជាមួយគេខ្លាំងណាស់ ធ្វើឱ្យអ្នកគាំទ្រមួយចំនួនអត់ច្រណែនចំពោះកាយវិការទាំងនោះមិនបានឡើយ។
យ៉ាងណាមិញ តាមពិតទៅបុរសម្នាក់នេះ គឺជាជាងថតជនជាតិបារាំងដ៏ល្បីម្នាក់ឈ្មោះ Hugo Comte ដែលធ្លាប់បានធ្វើការថតឱ្យពួកអ្នកម៉ូដែល តារា និង ទស្សនាវដ្តីហ្វេសសិនល្បីៗជួរមុខជាច្រើន ហើយរូបលោក និង Jennie គឺជាមិត្តនឹងគ្នាយូរមកហើយ ព្រោះធ្លាប់បានធ្វើការជាមួយគ្នាក្នុងការថតម៉ូដឱ្យប្រ៊េនវែនតា Gentlemonster។
ចំណែកជំនួបរវាងអ្នកទាំងពីរ នៅក្នុងការទទួលទានអាហារលើកនេះ បានធ្វើឱ្យគេសង្ស័យថា Jennie ប្រាកដជាកំពុងត្រៀមការថតម៉ូដហ្វេសសិនដ៏គួរឱ្យចាប់អារម្មណ៍អ្វីមួយទៀតជាក់ជាមិនខានឡើយ។
យ៉ាងណាមិញ មហាជនអ្នកគាំទ្រជាច្រើន បាននាំរង់ចាំគ្នាអន្ទះសាក្នុងការបង្ហាញមុខរបស់ស្រីស្រស់រូបនេះ នៅក្នុងកម្មវិធីពិរព័ណ៍ខាងមុខនេះ ហើយគេជឿជាក់ថា នាងនឹងប្រាកដសាងឱ្យកម្មវិធីទាំងមូលមានភាពភ្ញាក់ផ្អើលមិនតិចនោះទេ៕