ការជិត ១ ឆ្នាំ Benjamin Yuen ចង់បានទាយាទស្នងមរតក តែបែរខ្លាចរឿងមួយនេះវិញ
ត្រឡប់មកនិយាយកាលពីខែវិច្ឆិកា ឆ្នាំ ២០២០ កន្លងទៅ តារាសម្ដែងប្រុសហុងកុង Benjamin Yuen និង តារាសម្ដែងចិន Bowie Cheung បានសម្រេចចាប់ដៃគ្នាសាងជាគ្រួសារមួយ ដោយមានការសាទរយ៉ាងខ្លាំងពីក្រុមគ្រួសារទាំងសងខាង ក៏ដូចជាទស្សនិកជននិយមគាំទ្ររបស់តារាទាំងពីរផងដែរ។
យ៉ាងណាមិញ រហូតមកដល់បច្ចុប្បន្ន លោក Benjamin បានកំពុងគិតគូរពីការចង់បានទាយាទស្នងមរតកវាល់លាន និង ជាអ្នកបន្តត្រកូលដល់គ្រួសាររបស់លោកហើយ ក្រោយពីរៀបការបានជិត ១ ឆ្នាំ ដោយសារតែ Bowie ភរិយារបស់លោក នាងចេញមកពីគ្រួសារអ្នកមានទ្រព្យស្តុក ដូច្នេះហើយទើបបានជា Benjamin ប្រឈមមុខនឹងសម្ពាធដើម្បីបញ្ជាក់ខ្លួនឯង បន្ទាប់ពីឪពុកក្មេកទទូចចង់បានទាយាទស្នង។ ដោយកន្លងមក គាត់បានផ្តល់ឱ្យអ្នកទាំងពីរនូវអាជីវកម្មជាកម្មសិទ្ធិផ្ទាល់ គិតជាទឹកប្រាក់សរុបប្រមាណ ចំនួន ៤០ លានដុល្លារហុងកុង។
ជាមួយគ្នានោះ Benjamin ផ្ទាល់ក៏រងសម្ពាធមិនអន់នោះដែរ ក៏ដោយសារតែលោកគឺជាកូនទោលក្នុងគ្រួសាររបស់គាត់ដូចគ្នា ប៉ុន្តែតារាប្រុសរូបនេះ លោកនៅតែគោរពលើការសម្រេចចិត្តរបស់ភរិយារបស់លោក ចំពោះផែនការរៀបចំយកកូន ជាពិសេសដោយសារតែ Bowie នាងចូលចិត្តធ្វើការ ហើយលោកមិនចង់ប៉ះពាល់ដល់ផែនការអាជីពរបស់នាងទេ។
ទោះយ៉ាងណា តារាសម្តែងប្រុសវ័យ ៤០ ឆ្នាំ រូបនេះ ក៏បានប្រឹក្សាជាមួយតារាក្នុងសិល្បៈជាច្រើនមកហើយដែរ ដែលបានក្លាយជាឪពុកម្តាយរបស់គេ ហើយសង្ឃឹមថានឹងរៀនសូត្រពីរឿងការមានកូនផងដែរ៕
ប្រភព៖ JAYNESTAR