អ្នកនិពន្ធរឿង «Squid Game» ទម្លាយភាពឈឺចាប់ បរាជ័យអស់ ១២ ឆ្នាំ ទម្រាំផលិតចេញរឿងដ៏ល្បីកក្រើកនេះ
ប្រិយមិត្តដែលនិយមតាមដានខ្សែភាពយន្តកូរ៉េ ប្រាកដជាបានស្គាល់ច្បាស់រឿង «Squid Game» ដែលជារឿងកំពុងល្បី ផ្ទុះការគាំទ្រជុំវិញពិភពលោក និង បានជាប់ចំណាត់ថ្នាក់លេខ ១ ជាង ៩០ ប្រទេស ហើយបានបំបែកកំណត់ត្រារបស់ Netflix ជារឿងដែលមានអ្នកទស្សនាច្រើនបំផុត។
ថ្មីៗនេះ អ្នកនិពន្ធរឿង «Squid Game» លោក Hwang Dong Hyuk បានទម្លាយឱ្យដឹងថា ៖ «រឿងមួយនេះគឺបានសរសេរឡើងមកអស់រយៈពេលជាង ១២ ឆ្នាំទៅហើយ ដោយលោកបានចាប់ផ្តើមសរសេរដំបូងក្នុងឆ្នាំ ២០០៩ ហើយបានព្យាយាមស្វែងរកស្ទូឌីយូដើម្បីផលិតមកជាង ១២ ឆ្នាំ។ ដោយលោកជាអ្នកនិពន្ធពុំមានកេរ្តិ៍ឈ្មោះ លោកត្រូវបានគេបដិសេធមករហូត ក្នុងរយៈពេល ១២ ឆ្នាំនេះ រហូតមានពេលមួយដែលលោកត្រូវសម្រេចចិត្តឈប់សរសេរ ព្រោះធ្លាក់ខ្លួនខ្វះប្រាក់ បង្ខំចិត្តលក់ Laptop ផ្ទាល់ខ្លួនក្នុងតម្លៃ ៦៧៥ ដុល្លារ ដើម្បីចិញ្ចឹមក្រពះ»។
លោកបន្ថែមថា ៖ «លោកត្រូវបានក្រុមហ៊ុន និង ផលិតករភាពយន្តមួយចំនួន មើលងាយថារឿងមួយនេះគ្មានអ្វីគួរឱ្យចាប់អារម្មណ៍ ព្រោះតែសាច់រឿងវាហាក់ប្រឌិតខ្លាំងពេក។ បើសិនគេចាប់ដៃគូជាមួយគាត់ពួកគេនឹងជួបប្រទះការខាតបង់ជាមិនខាន»។
យ៉ាងណាមិញ ក្រោយមកសាច់រឿង «Squid Game» ត្រូវបាន Netflix ទិញទៅផលិត ហើយបានក្លាយជារឿងល្បីខ្លាំងបំផុតប្រចាំឆ្នាំ ២០២១ ក្នុងប្រវត្តិសាស្ត្ររបស់ Netflix៕
ប្រភព៖ Screenrant