ពុទ្ធោ! បាត់មុខយូរ តួ ស៊ីមិន រឿង F4 ធ្លាក់ខ្លួនដុនដាបជួបបញ្ហានេះ ស្ទើរមិនគួរឱ្យជឿ
នៅថ្ងៃទី ០៨ ខែតុលា ឆ្នាំ ២០២១ នេះ សារព័ត៌មាន ETtoday បានចេញផ្សាយថា តារាសម្ដែង Ken Chu ដែលប្រិយមិត្តកម្ពុជាភាគច្រើនស្គាល់ថាជាតួអង្គ ស៊ីមិន ប្រចាំរឿង F4 នោះ កំពុងមានបញ្ហាជួបការលំបាកខ្លាំងក្នុងជីវិត។
តាមសារព័ត៌មានដដែលបានឱ្យដឹងថា Ken Chu កំពុងគ្មានការងារធ្វើរយៈពេលជាង ១ ឆ្នាំហើយ។ ចំពោះមុខជំនួញវិនិយោគរបស់លោកវិញ ក៏រងការខាតបង់ទៀត។ ដើម្បីបានប្រាក់កម្រៃ បច្ចុប្បន្ន លោកទទួលផ្សព្វផ្សាយពាណិជ្ជកម្មឱ្យក្រុមហ៊ុនផលិតផលតូចតាចផ្សេងៗ។
តាមសម្ដីរបស់តួប្រុសរឿង F4 រូបនេះបានទម្លាយថា ៖«គ្មានទីផ្សារក្រុមហ៊ុនណាក្នុងប្រទេសចិន ឬ តៃវ៉ាន់ទាក់ទងមកខ្ញុំទៅធ្វើការឡើយ។ ខ្ញុំបានត្រឹមអង្គុយស្ពៃនៅផ្ទះ លេងហ្គេមកម្ចាត់ភាពអផ្សុកច្រើនខែមកហើយ ហើយពេលណាសំណាងទៅ ក៏មានក្រុមហ៊ុនល្បីទាក់ទងទៅ។ កាលពីមុន កម្រៃទាបបំផុតដែលខ្ញុំទទួលបានគឺ ៣ ពាន់ដុល្លារ ប៉ុន្តែឥលូវនេះគឺខុសគ្នាឆ្ងាយណាស់។ បើខ្ញុំចង់រកលុយពេលនេះ ខ្ញុំត្រូវទទួលស្គាល់ថា ខ្ញុំមិនដូចពីមុននោះឡើយ»។
គួររំឭកថា កាលពីខែសីហា ឆ្នាំ ២០២០ កន្លងទៅ Ken Chu ធ្លាប់បានទម្លាយថា លោកមានបញ្ហាសុខភាពមួយហៅថា fibromyalgia ដែលបណ្ដាលឱ្យលោកមានជំងឺស្ត្រេសធ្ងន់ធ្ងរ។ ដោយសារបញ្ហាជំងឺផង បូករួមសម្ពាធផ្នែកហិរញ្ញវត្ថុផង ទើបធ្វើឱ្យលោក និង ភរិយា មិនទាន់មានកូនជាចំណងដៃនៅឡើយទេ៕