មានអាជីពក្រៅសិល្បៈដូចគ្នា ករុណា ពេជ្រ មិនប្រជែង បែរជាធ្វើរឿងគួរសរសើរនេះដាក់ យក់ ឋិតរដ្ឋា
ជាការពិតណាស់ បច្ចុប្បន្ននេះ គេសង្កេតឃើញមានសិល្បករ-ការិនី ជាច្រើន កំពុងតែចាប់យកអាជីពផ្នែកលក់អចលនទ្រព្យ ដូចជា ផ្ទះល្វែង និង ដីឡូត៍ បន្ថែមពីលើអាជីពជាអ្នកសិល្បៈ ហើយក្នុងនោះគេក៏បានឃើញសិល្បករ-ការិនីមួយចំនួន ក៏បានចាប់ដៃបោះទុនរួមគ្នាលើមុខជំនួញខាងលើនេះផងដែរ។
ដោយឡែក បើទៅមើលតារាចម្រៀង ២ រូបប្រចាំផលិតកម្មថោន គឺលោក ករុណា ពេជ្រ និង អ្នកនាង យក់ ឋិតរដ្ឋា ឯនោះវិញ ក៏បានចាប់យកអាជីពផ្នែកលក់អចលនទ្រព្យផ្ទះល្វែងដូចគ្នាដែរ តែតារាចម្រៀងទាំង ២ រូប មិនមែនជាដៃគូសហការនឹងគ្នានោះទេ ពោលគឺអ្នកនាង យក់ ឋិតរដ្ឋា បើកលក់ផ្ទះល្វែងនៅឯខាងឧត្តុង្គ រីឯលោក ករុណា ពេជ្រ នៅខាងខេត្តកំពង់ស្ពឺ។
ជាក់ស្តែង បើទោះជាមានអាជីពក្រៅសិល្បៈដូចគ្នាលើវិស័យអចលនទ្រព្យ តែតារាប្រុសស្រីរួមដំបូងផលិតកម្មតែមួយនេះ ក៏មិនបានប្រជែងអាជីវកម្មគ្នានោះដែរ ដោយថ្មីៗនេះ លោក ករុណា ពេជ្រ បានបង្ហោះសារធ្វើឱ្យអ្នកលេងបណ្តាញសង្គមសរសើរពីទឹកចិត្តរបស់លោកយ៉ាងខ្លាំង ដោយលោកបានបង្ហោះសារជូនពរ ដល់អ្នកនាង យក់ ឋិតរដ្ឋា និង ស្វាមី ថា ៖ «Wow ជិះលេងៗឃើញរូប ឃើញឈ្មោះ idol ចុះថតមួយសិន កប់សារី ទីតាំងសាហាវ ជាប់ថ្នល់កៅស៊ូ ហើយកែងផ្លូវទៀត។ ហេង ហេងអាយដល ទាំងពីរនាក់ប្តីប្រពន្ធ និង កូនសំណព្វទាំង ៣ ព្រមទាំងក្រុមគ្រួសារ»។
ភ្លាមៗនោះដែរ មិនបង្អង់យូរអ្នកនាង យក់ ឋិតរដ្ឋា ក៏បានចែករំលែកសាររបស់លោក ករុណា ពេជ្រ ថែមទាំងអរគុណ និង ជូនពរដល់ការរកស៊ីរបស់លោក ករុណា ពេជ្រ ដូចគ្នាដែរ៕