ធ្លាយការពិតគួរឱ្យចាប់អារម្មណ៍ ពាក់ព័ន្ធនឹងរូបកូនក្រមុំតុក្កតាដ៏ល្បី ក្នុងរឿង «Squid Game»
ប្រិយមិត្តអ្នកដែលធ្លាប់ទស្សនា រឿងភាគកំពុងល្បីទូទាំងពិភពលោក «Squid Game» ប្រាកដជាធ្លាប់បានចាប់អារម្មណ៍ធ្លាប់ឃើញមិនខាននោះទេ នូវតុក្កតាកូនក្រមុំដ៏គួរឱ្យស្រឡាញ់នៅក្នុងល្បែងមរណៈទីមួយ ដែលមានឈ្មោះថា Red Light Green Light នៅក្នុងរឿងនោះ។
យ៉ាងណាមិញ សាច់រឿងទាំងមូលនេះ ពិតជាបានឆ្លងកាត់ការរៀបចំ និង ការនិពន្ធស្រមៃច្នៃប្រឌិតយ៉ាងល្អអស់រយៈពេលជាង ១០ ឆ្នាំឯណោះ ធ្វើឱ្យឆាកនីមួយៗពិតជាបានបង្កប់ទៅដោយប្រវត្តិ និង ការពិតគួរឱ្យចាប់អារម្មណ៍ជាច្រើននៅពីក្រោយមិនតិចនោះទេ។
ជាក់ស្តែង មិនខុសអ្វីពីតួអង្គរូបតុក្កតាមួយនេះឡើយ ដ្បិតតែមើលទៅសាមញ្ញៗជាតុក្កតាធម្មតា ព្រមទាំងបានលេចមុខតែមួយវគ្គនៅក្នុងរឿងក៏ពិតមែន តែអ្នកនិពន្ធបានបង្កើតវាឡើងដោយព្យាយាមបញ្ចូលនូវភាពច្នៃប្រឌិត ហើយក៏មានប្រវត្តិគួរឱ្យចាប់អារម្មណ៍ផងដែរ។
តាមព័ត៌មានបានឱ្យដឹងថា ដោយសារតែរឿងនេះ បានផ្តោតពិសេសទៅលើល្បែងពីកុមារភាពរបស់កូរ៉េជាច្រើន ទើបអ្នកនិពន្ធបានបង្កើតតួអង្គ ក៏ដូចជាសាងរូបរាងកូនក្រមុំតុក្កតាមួយនេះឡើង ដោយព្យាយាមយកលំនាំតាមតួអង្គជាមិត្តសម្លាញ់ប្រុសស្រីពីរនាក់ ដោយកុមារាឈ្មោះ Cheolsoo និង កុមារីឈ្មោះ Younghee ដែលនៅក្នុងរឿងរបស់សៀវភៅសិក្សាកុមារមួយក្បាលរបស់កូរ៉េ តាំងពីអំឡុងឆ្នាំ ១៩៧០ ទៅ ៨០ ឯណោះ។ ហើយតួអង្គកូនក្រមុំនេះ គឺជា Younghee នោះឯង។
អ្នកនិពន្ធបានលើកឡើងទៀតថា លោកបានយកលំនាំតាមដូច្នេះ ក៏ព្រោះតែចង់រំឭកអ្នកទស្សនាឡើងវិញ នូវអនុស្សាវរីយ៍ដ៏គួរឱ្យសប្បាយរីករាយកាលពីកុមារភាព ដែលបានរសាត់អណ្តែតបាត់តាំងពីរយូរនោះ។ ម៉្យាងរឿងទាំងមូលនេះ ក៏មានទាក់ទងជាមួយរឿងកុមារភាពច្រើនទើបលោកសម្រេចយកបែបនេះតែម្តង។
យ៉ាងណាមិញ បន្ទាប់ពីរឿង «Squid Game» បានចេញចាក់ផ្សាយ ព្រមទាំងទទួលបានគាំទ្រយ៉ាងគំហុករួចមក អ្នកនិពន្ធ និង ក្រុមការងារក៏បានបង្ហើបជារឿយៗនូវការពិតមួយចំនួនពីក្រោយរឿងមួយនេះ ដែលធ្វើឱ្យអ្នកគាំទ្រទស្សនាជាច្រើននឹកអត់សរសើរមិនបានឡើយពីភាពប្រឹងប្រែងច្នៃប្រឌិតរបស់ពួកគេ៕
ប្រភព៖ KOREA BOO