ទម្លាយតម្លៃថតរឿង «Squid Game» ទាំងមូល និង តួសំខាន់ៗ ស៊ីថ្លៃរាប់ម៉ឺនដុល្លារ ក្នុង ១ ភាគ
រឿងភាគដ៏ថ្មីសន្លាងរបស់កូរ៉េ «Squid Game» បានកំពុងក្លាយជាទីពេញនិយមយ៉ាងខ្លាំងមិនធម្មតាពីសំណាក់មហាជនអ្នកទស្សនាស្ទើរទូទាំងពិភពលោក ព្រោះតែដំណើរសាច់រឿងប្លែកចម្លែកអារម្មណ៍ និង ការចេះបន់បែនសម្តែងយ៉ាងស័ក្តិសមរបស់តួអង្គនីមួយៗនោះ។
ដោយឡែក មុននឹងមកទទួលបានភាពជោគជ័យបែបនេះ រឿង «Squid Game» ត្រូវបានចំណាយពេលនិពន្ធ រៀបចំ ជ្រើសរើសតួសម្តែង ចាត់ចែងឆាកនីមួយៗយ៉ាងសម្រិតសម្រាំងល្អ ដែលធ្វើឱ្យរឿងនេះបានប្រើប្រាស់ទុនមិនតិចនោះទេ ក្នុងការរៀបចំផលិត។ តាមព័ត៌មានបានឱ្យដឹងថា រឿងមួយនេះទាំងមូលសរុបមាន ៩ វគ្គ ត្រូវបានគេចំណាយអស់ប្រហែលជាង ២២ លានដុល្លារឯណោះ។ ក្នុងនោះ គេចំណាយអស់ប្រហែល ២.៩ លានដុល្លារក្នុងមួយវគ្គ។ យ៉ាងណាមិញ ចំណែកតម្លៃខ្លួនរបស់តួអង្គនីមួយៗ សូមទស្សនាខាងក្រោមនេះ ៖
១. Lee jung Jae
តារាសម្តែងប្រុសជើងចាស់ Lee jung Jae បានសម្តែងតួជា Seong Gi Hun នៅក្នុងរឿង «Squid Game»នេះ ។ លោកត្រូវបានគេដឹងថា បានទទួលតម្លៃខ្លួនប្រហែលជាង ៣៤៤ ០០០ ដុល្លារ ក្នុងមួយវគ្គ។ ក្នុងការសម្តែងមួយរឿងទាំងមូល លោកបានរកចំណូលបានប្រហែលជាង ៣.១ លានដុល្លារឯណោះ។ ចំនួននេះ បានធ្វើឱ្យលោកក្លាយជាតារាសម្តែងប្រុសទីពីរ ដែលមានតម្លៃខ្លួនច្រើនគេ ដោយបានបំបែកតារាប្រុស Song Joonki ដែលមានតម្លៃខ្លួនចំនួន ២០៩ ៧០០ ដុល្លារ នៅក្នុងរឿង Vincenzo ថែមទៀតផង ។
២. Park Hae Soo
តារាប្រុស Park Hae Soo បានសម្តែងជាតួអង្គ Cho Sang Woo។ លោកមានតម្លៃខ្លួនប្រហែល ៤៨ ៧០០ ដុល្លារក្នុងមួយវគ្គ។
៣. Jung Hoyeon
តារាស្រី Jung Hoyeon បានសម្តែងជាតួអង្គ Kang Sae Byeok ។ គេមិនមានព័ត៌មានពិតប្រាកដនៃតម្លៃខ្លួន របស់នាងនៅក្នុងរឿងនេះនោះទេ ប៉ុន្តែដោយសារតែនាងជាតារាសម្តែងចំណូលថ្មី គេរំពឹងថា នាងប្រហែលជាទទួលបានតម្លៃខ្លួនប្រហែលជាពីខ្ទង់ពាន់ ទៅម៉ឺនដុល្លារក្នុងមួយវគ្គ។
៤. Anupam Tripathi
តារាសម្តែងប្រុសជនជាតិឥណ្ឌា Anupam Tripathi បានសម្តែងជាតួអង្គ Ali ។ លោកត្រូវបានគេដឹងថា បានទទួលតម្លៃខ្លួនប្រហែលជា ១០០ ទៅ ៤៨០ ដុល្លារក្នុងមួយវគ្គ។
ប្រភព៖ TODAY ONLINE