ឆ្នាំនេះ ឈុតតំណាងខេត្តសៀមរាប ផ្ទុះការគាំទ្រខ្លាំង លើកអង្គរវត្តបង្ហាញអន្តរជាតិ បញ្ជាក់អត្តសញ្ញាណជាតិខ្មែរ
កាលពីរាត្រីថ្ងៃទី ០៧ ខែតុលា ឆ្នាំ ២០២១ កន្លងទៅ ពិតធ្វើឱ្យមហាជនខ្មែរគ្រប់រូបមានមោទកភាព និង ភ្ញាក់ផ្អើលយ៉ាងខ្លាំងសម្រាប់កម្មវិធីប្រកួតសម្រស់កញ្ញាឯកកម្ពុជា Miss Grand Cambodia 2021 ដោយបានបើកប្រកួតនូវឈុតតំណាងជាតិខ្មែរសុទ្ធសឹងតែប្រណីត និង ស្រស់ស្អាតខ្លាំង។
តួយ៉ាងក្នុងចំណោមឈុតប្រកួតទាំង ២៥ មហាជនហាក់ចាប់អារម្មណ៍ខ្លាំងបំផុតចំពោះឈុតតំណាងជាតិខេត្តសៀមរាប ដែលជាឈុតមួយមានភាពប្រណីតលេចធ្លោ ឆ្លុះបង្ហាញនូវអត្តសញ្ញាណខ្មែរពិតៗ ជាពិសេសបានរំលេចចេញនូវសម្បត្តិមរតកមហស្ចារ្យនៃខ្មែរគឺប្រាង្គប្រាសាទអង្គរវត្ត ដែលជានិមិត្តរូបតំណាងឱ្យប្រទេសខ្មែរទាំងមូលស័ក្តិសមឥតខ្ចោះទៅនឹងការលើកយកឈុតមួយនេះទៅប្រកួតថ្នាក់អន្តរជាតិ។
ទន្ទឹមគ្នានេះដែរ ក្នុងឆ្នាំនេះ កម្មវិធី Miss Grand International នឹងត្រូវធ្វើឡើងក្នុងប្រទេសថៃ ដូចនេះមហាជនខ្មែរម្នាក់ៗពិតជាសាទរខ្លាំងក្នុងការជម្រុញឱ្យឈុតដ៏ប្រណីតដែលរចនាដោយក្រុមអ្នកច្នៃម៉ូតខ្មែរវ័យក្មេង ស្រមោល Fashion & Creative យកទៅតំណាងលើឆាកអន្តរជាតិនាពេលប្រកួតខាងមុខនេះ ក្នុងខេត្តភូកេត ប្រទេសថៃ៕