អបអរសាទរ! បវរកញ្ញាតំណាងខេត្តបាត់ដំបង ក្លាយជាម្ចាស់មកុដ Miss Grand Cambodia ២០២១
កម្មវិធីប្រកួត Miss Grand Cambodia បានធ្វើការប្រកួតជ្រើសរើសបេក្ខភាពបវរកញ្ញាជាច្រើនសប្ដាហ៍ ក្នុងការសម្រិតសម្រាំងយកបេក្ខភាពបវរកញ្ញាមួយរូប ដែលមានសមត្ថភាពលេចធ្លោ អាចក្លាយជាម្ចាស់ជ័យលាភីគ្រងមកុដ Miss Grand Cambodia ២០២១ ដើម្បីតំណាងឱ្យកម្ពុជាក្នុងការប្រកួត Miss Grand International ២០២១ នៅឯប្រទេសថៃនាពេលខាងមុខនេះ។
បន្ទាប់ពីឆ្លងកាត់ការប្រកួតចម្រាញ់ជាច្រើនសប្ដាហ៍កន្លងទៅ ទីបំផុត កម្មវិធី Miss Grand Cambodia ២០២១ បានបញ្ចប់យ៉ាងរលូននៅរាត្រីថ្ងៃទី ០៩ ខែតុលា ឆ្នាំ ២០២១ នេះ ដែលបានស្វែងរកម្ចាស់ជ័យលាភីគ្រងមកុដបវរកញ្ញាឯកដ៏អស្ចារ្យឆ្នាំ ២០២១ ឃើញហើយ គឺបានទៅលើ Miss Grand តំណាងឱ្យខេត្តបាត់ដំបង កញ្ញា ប៉ូគឹមថេង សុតធីតា។
ជាក់ស្ដែង គេឃើញថា ពីមួយវគ្គទៅមួយវគ្គ ម្ចាស់ជ័យលាភី Miss Grand Cambodia ២០២១ កញ្ញា ប៉ូគឹមថេង សុតធីតា ពិតជាមានភាពលេចធ្លោ និងទទួលបានការសរសើរជាច្រើនពីមហាជនអ្នកគាំទ្រវិស័យបវរកញ្ញា ដែលនាងមានទាំងសមត្ថភាព ភាពឆ្លាតវៃ និងរូបសម្រស់ស្រស់សោភាបែបធម្មជាតិយ៉ាងទាក់ទាញនោះ។
ជាមួយគ្នានោះ ចំពោះបេក្ខភាពដ៏ឆ្នើមចំនួន ៤ រូបទៀត ដែលក្លាយជាម្ចាស់ជ័យលាភីលំដាប់រងនៃ Miss Grand Cambodia ២០២១ នេះ រួមមាន Miss Grand តំណាងខេត្តកំពង់ចាម ទទួលបានលំដាប់រងទី ១ Miss Grand តំណាងខេត្តព្រះសីហនុ ទទួលបានលំដាប់រងទី ២ Miss Grand តំណាងខេត្តកំពត ទទួលបានលំដាប់រងទី ៣ Miss Grand តំណាងខេត្តកំពង់ឆ្នាំង ទទួលបានលំដាប់រងទី ៤ ៕