ផ្ទុះល្បីមួយក្ឌាំងនេះ Jung Hoyeon រកចំណូលបានកប់ក្តោង ត្រឹមតែមួយផុសក្នុង IG
តារាស្រីសម្តែងចំណូលថ្មី Jung Hoyeon មួយរយៈក្រោយនេះ នាងហាក់បានស្រវាកញ្ឆក់បានប្រជាប្រិយភាព ជាពិសេសការស្រឡាញ់គាំទ្រពីសំណាក់មហាជនអ្នកទស្សនាយ៉ាងច្រើនមិនធម្មតានោះទេ ក្រោយពីបានលេចមុខលើកដំបូងនៅក្នុងរឿងភាគកំពុងល្បី «Squid Game»។
ជាមួយគ្នានេះ បណ្តាញសង្គម IG របស់នាង បានមានចំនួនអ្នកតាមដានកើន Follow យ៉ាងគំហុកលើសដើមជាង ២០ ដងតែម្តង គឺចាប់ពីត្រឹម ៤០០ ០០០ នាក់ រហូតឥឡូវនេះឡើងទៅដល់ជាង ១៨០ ០០០០ នាក់ឯណោះ គិតត្រឹមតែរយៈពេលជាង ២ សប្តាហ៍ នៃការចាក់ផ្សាយរឿងប៉ុណ្ណោះ។ ចំនួននេះ បានធ្វើឱ្យនាងក្លាយជាតារាស្រីសម្តែងកូរ៉េ ដែលមានចំនួនអ្នកចុចតាមដាន Follow ច្រើនជាងគេបង្អស់ថែមទៀតផង។
យ៉ាងណាមិញ ចំនួនអ្នកតាមដានដ៏ច្រើនលើសលុបនេះ ក៏បានធ្វើឱ្យនាងទាញចំណូលបានបន្ថែម ក្រៅពីការសម្តែងនៅក្នុងរឿង «Squid Game» នេះផងដែរ។ តាមព័ត៌មានបានឱ្យដឹងថា ក្នុងការបង្ហោះផ្សព្វផ្សាយឱ្យប្រ៊េនណាមួយនៅក្នុងបណ្តាញ IG តារាស្រីរូបនេះ អាចរកចំណូលបានប្រហែលជាង ៤៣ ០០០ ដុល្លារឯណោះ ក្នុងត្រឹមមួយផុសប៉ុណ្ណោះ។ ហើយនៅក្នុងប៉ុន្មានសប្តាហ៍មកនេះ នាងទាញបានប្រហែលជាង ៨៦ ០០០ ដុល្លាររួចទៅទៅហើយ។
យ៉ាងណាមិញ មហាជនអ្នកគាំទ្រពិតជាមានការភ្ញាក់ផ្អើលមិនតិចនោះទេ ព្រោះមិននឹកស្មានថា ទើបតែផ្ទុះល្បីខ្លាំងសោះ នាងអាចរកចំណូលងាយៗបានច្រើនយ៉ាងនេះទៅហើយ៕