ពេជ្រ សោភា ហៅ ឆន សុវណ្ណារាជ Honey ពេញៗមាត់ អត់ខ្លាចសង្សារប្រចណ្ឌសោះ
កំពូលតារាចម្រៀងស្រីដ៏ល្បីល្បាញ ពេជ្រ សោភា បានទម្លាយរូបថតស្និទ្ធស្នាលជាមួយតារាចម្រៀង ឆន សុវណ្ណារាជ ជាច្រើនសន្លឹក ហើយថែមទាំងរៀបរាប់នូវពាក្យសម្ដីជូនពរថ្ងៃកំណើតលោកយ៉ាងផ្អែមល្ហែមថា «Happy birthday to honey ជូនពរឱ្យមានសុខភាពល្អ សំណាងល្អ ប្រាថ្នាអ្វីបានដូចបំណងណា ជាពិសេសលុយចូលច្រើនៗ»។
ពេជ្រ សោភា មិនត្រឹមបង្ហោះពាក្យសម្ដីស្វីតៗ ដោយហៅ ឆន សុវណ្ណារាជ ថា Honey ពេញៗមាត់ប៉ុណ្ណោះទេ អ្នកនាងថែមទាំងបើកកកាយរូបថតចាសៗរបស់អ្នកទាំងពីរមកបង្ហោះជាច្រើនសន្លឹកទៀតផង។ ទង្វើបង្ហាញពីភាពស្និទ្ធស្នាលរបស់ ពេជ្រ សោភា ធ្វើឱ្យមហាជន និង អ្នកគាំទ្រជាច្រើនលើកឡើងថា អ្នកនាងមិនខ្លាចសង្សារប្រចណ្ឌសោះ។
មិនថាមិត្តភក្ដិនៅក្នុងចង្កោមសិល្បៈ ឬ មហាជនទូទៅទេ ភាគច្រើនសុទ្ធតែបានដឹងថា កំពូលតារាចម្រៀងស្រី ពេជ្រ សោភា កំពុងទាក់ទងមើលចិត្តថ្លើមគ្នាជាមួយតារាសម្ដែងរូបសង្ហា ឆឹម សក្កដា រយៈពេលច្រើនឆ្នាំមកហើយ ដោយកន្លងមកគូស្នេហ៍មួយគូនេះ តែងតែបង្ហាញភាពផ្អែមល្ហែមតាមរយៈបណ្ដាញសង្គមហ្វេសប៊ុក និង អ៊ីនស្រ្តាក្រាម ធ្វើឱ្យមហាជនច្រណែនជារឿយៗ។
ថ្វីដ្បិតតែ ពេជ្រ សោភា បង្ហាញភាពជិតស្និទ្ធជាមួយ ឆន សុវណ្ណារាជ បែបនេះក្ដី ក៏នោះគ្រាន់តែជាទំនាក់ទំនងដៃគូចម្រៀងចាស់ ឬ ក្នុងនាងជាមិត្តរួមទ្រនំប៉ុណ្ណោះ៕