ផ្ទុះរឿងលុយតុងទីនមួយក្ឌាំងនេះ សឿ សុធារ៉ា ប្រកាសធ្វើបុណ្យស្មាលាកុំជួបមនុស្សប្រភេទនេះទៀត
តារាសម្ដែងស្រីធ្លាប់ទទួលបានប្រជាប្រិយភាពយ៉ាងច្រើនក្រាស់ក្រែលពីមហាជន អ្នកនាង សឿ សុធារ៉ា បានបង្ហោះសារថ្មីមួយនៅលើបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន ដោយក្នុងសារនោះអ្នកនាងបានរៀបរាប់ពីមនុស្សលោភលន់ ធ្វើឱ្យអ្នកគាំទ្រឃើញហើយងឿងឆ្ងល់ និង ភ្ញាក់ផ្អើលយ៉ាងខ្លាំង។
ជាការពិត នៅមួយរយៈចុងក្រោយនេះ តារាសម្ដែងរៀមច្បង សឿ សុធារ៉ា កំពុងមានរឿងអាស្រូវលុយតុងទីនជាមួយអ្នកសិល្បៈដូចគ្នាផ្អើលពេញបណ្ដាញសង្គម ដោយរឿងនេះនៅជាចម្ងល់ដល់មហាជនមិនទាន់បានដោះស្រាយ ស្រេចបាច់នៅឡើយ ។
ងាកមកមើលអត្ថន័យសាររបស់អ្នកនាង សឿ សុធារ៉ា ដែលបានបង្ហោះនៅថ្ងៃទី ១០ តុលា ២០២១ នេះវិញ មានខ្លឹមសារថា ៖ «ជីវិតមនុស្សទាំងអស់ខំប្រឹងទាំងយប់ទាំងថ្ងៃ ទាំងភ័យទាំងក្លាហាន តើក៏ព្រោះតែអ្វី? បើថាដើម្បីក្រពះពួកយើងពិតជាត្រូវការអាហារមកទ្រទ្រង់ជីវិតយើងរស់បន្ត តើក្នុងមួយថ្ងៃពួកយើងហូបអាហារចំនួនប៉ុន្មានពេលបងប្អូន 3 ពេល 4 ពេល 5 ពេល ឬក៏ 10 ពេល? ហេតុអ្វីអ្នកខ្លះត្រូវតែលោភលន់ម្ល៉េះ? ខ្ញុំធ្វើបុណ្យមួយរៀលខ្មែរក្តី សុំមេត្តាកុំឱ្យខ្ញុំជួបបន្តទៀត»។
ទោះបីជា សឿ សុធារ៉ា បានបញ្ជាក់ច្បាស់ៗថា ធ្វើបុណ្យមួយរៀលខ្មែរ ក៏សូមប្រាថ្នាមិនឱ្យជួបមនុស្សលោភលន់បន្តទៀតក្ដី តែអ្នកនាងមិនបានបង្ហើបពីឈ្មោះថាចង់សំដៅដល់អ្នកណាឡើយ៕