Lisa មិនបានចូលរួមកម្មវិធីហ្វេសសិននៅប៉ារីស ស្រាប់តែ Jennie ត្រូវអ្នកគាំទ្រថៃដាប់ផាំងៗបែបនេះ
ថ្មីៗនេះ មហាជនអ្នកគាំទ្រជាច្រើនបានមានការមួម៉ៅក្តៅក្រហាយយ៉ាងខ្លាំងជាមួយនឹងផលិតកម្ម YG ដោយសារតែរឿងគេឱ្យ Lisa ទៅក្រុងប៉ារីសប្រទេសបារាំង តែបែរជាមិនអនុញ្ញាតឱ្យនាងចូលរួមកម្មវិធីហ្វេសសិន ដោយអះអាងលើបញ្ហាកូវីដ ទាំងដែលសមាជិកដទៃទៀតអាចចូលរួមបាន។
ជាមួយគ្នានេះ មានអ្នកគាំទ្រមួយចំនួន ក៏បានស្រវេស្រវាបង្កើតយុទ្ធនាការនៅតាមបណ្តាញសង្គមជាច្រើន នៅក្នុងន័យទាមទារឱ្យផលិតកម្ម YG មើលឡើងវិញនូវតារាងការងារ ក៏ដូចជាស្វែងរកយុតិ្តធម៌ឱ្យតារាស្រីផងដែរ។
ក្នុងនោះ មានផេកបណ្តាញសង្គមរបស់ថៃមួយ បានចេញមុខមកផុសផ្សព្វផ្សាយយុទ្ធនាការមួយនេះដូចគ្នា តែគេបែរជាទាញឈ្មោះរបស់ Jennie មកចូលក្នុងផុសជារបស់គេ ហាក់ដូចជាមានបំណងចង់បន្ទោសទៅលើនាងទាំងអស់ ចំពោះបញ្ហារបស់ Lisa។
មិនយូរប៉ុន្មាន ស្រាប់តែមានមហាជនមួយចំនួន បានចូលមករិះគន់ទៅលើ Jennie ផាំងៗបន្តបន្ទាប់តែម្តង ដោយចោទថា ព្រោះតែនាងនេះហើយ ទើប Lisa មិនបានចូលរួមកម្មវិធីហ្វេសសិន ពោលគឺចង់មានន័យថា ខាងផលិតកម្មពិតជាមានភាពលម្អៀងទៅលើនាង និង មិនយុត្តិធម៌ចំពោះ Lisa ព្រោះគេឱ្យនាងចូលរូមកម្មវិធី Paris Fashion Week តំណាងឱ្យ Chanel តែបែរជាមិនអនុញ្ញាតឱ្យ Lisa ចូលរួមកម្មវិធីណាមួយឡើយ ទាំងដែលនាងក៏បានធ្វើដំណើរពីប្រទេសកូរ៉េឡើងទៅប៉ារីសម្នាក់ឯង។
មួយវិញទៀត នេះមិនមែនជាលើកទីមួយឡើយ ដែលស្រីស្រស់ Jennie ត្រូវបានមហាជន ជាពិសេសអ្នកគាំទ្រជនជាតិថៃមួយចំនួន បាននាំគ្នាមិនពេញចិត្ត រួចនាំគ្នារិះគន់ថាឱ្យនាងយ៉ាងមិនសំចៃដៃបែបនេះ ពោលគឺគេតែងតែចោទបន្ទោសជានិច្ច ចំពោះរឿងបញ្ហាដែលកើតឡើងចំពោះ Lisa។
យ៉ាងណាមិញ អ្នកគាំទ្រផ្សេងៗទៀត រឹតតែមានការខឹងសម្បាចំពោះផេកមួយនោះ ព្រោះមិនគួរណាកំពុងតែមានរឿងរកាំរកូសបែបនេះហើយ គេបែរជាឆ្លៀតទាញសមាជិកដទៃមកទម្លាក់ពាក់ព័ន្ធថែមទៀត ហើយគេក៏បានទាមទារឱ្យផេកនោះ ចេញមុខមកសុំទោសជាផ្លូវការផងដែរ៕
ប្រភព៖ KBI ZOOM