បង្ហាញមុខយុវជនខ្មែរមួយក្រុម រចនាឈុតតំណាងខេត្តសៀមរាប ជាឈុតល្អផ្តាច់គេនៅ MGC 2021
កាលពីរាត្រីថ្ងៃទី ០៧ ខែតុលា ឆ្នាំ ២០២១ កន្លងទៅ ពិតធ្វើឱ្យមហាជនខ្មែរគ្រប់រូបមានមោទកភាព និង ភ្ញាក់ផ្អើលយ៉ាងខ្លាំងសម្រាប់កម្មវិធីប្រកួតសម្រស់ Miss Grand Cambodia 2021 ដោយបានបើកប្រកួតនូវឈុតតំណាងជាតិខ្មែរសុទ្ធសឹងតែប្រណីត និង ស្រស់ស្អាតខ្លាំង។
តួយ៉ាង ក្នុងចំណោមឈុតប្រកួតទាំង ២៥ មហាជនហាក់ចាប់អារម្មណ៍ខ្លាំងបំផុត ចំពោះឈុតតំណាងខេត្តសៀមរាប ដែលមានឈ្មោះ «រាជ្យាង្គៈជយាទេវីវន្ទីយ៍ទេវៈឥស្សរៈធិបតី» ជាឈុតមួយមានភាពប្រណីតលេចធ្លោ ឆ្លុះបង្ហាញនូវអត្តសញ្ញាណខ្មែរពិតៗ ដោយបានរំលេចនូវសម្បត្តិមរតកមហស្ចារ្យនៃខ្មែរគឺប្រាង្គប្រាសាទអង្គរវត្ត ដែលជានិមិត្តរូបតំណាងឱ្យប្រទេសខ្មែរ ស័ក្តិសមឥតខ្ចោះទៅនឹងការលើកយកឈុតមួយនេះទៅប្រកួតថ្នាក់អន្តរជាតិ។
ក្នុងនោះដែរ ឈុតដ៏ល្អឯកនេះ ក៏ត្រូវបានជាប់ជាឈុតតំណាងជាតិដ៏ល្អឯកប្រចាំឆ្នាំផងដែរ ដោយនឹងយកឈុតមួយនេះទៅប្រកួតនៅក្នុងកម្មវិធី Miss Grand International នៅខេត្តភូកេត ប្រទេសថៃនាខែធ្នូខាងមុខនេះ។
ចំពោះឈុត «រាជ្យាង្គៈជយាទេវីវន្ទីយ៍ទេវៈឥស្សរៈធិបតី» នេះគឺត្រូវបានរចនាឡើងដោយយុវជនខ្មែរមួយក្រុម ដែលបានដាក់ឈ្មោះថា «ក្រុមស្រមោល» មានដូចជា លោក អ៊ី សុជា លោក ឈិត លាង លោក កែវ ចាន់ឌី លោក មើម ផានិត លោក ឃាង បញ្ញា និង លោក កិញ សុថារ៉ាកាន។
ដោយឡែក បើងាកទៅមើលឆ្នាំមុន សម្រាប់ឈុតតំណាងជាតិ ច្នៃដោយយុវជនក្រុមស្រមោលក៏បានជាប់ទៅប្រកួតថ្នាក់អន្តរជាតិដូចគ្នា។ លើសពីនោះ មហាជនក៏ស្ងើចសរសើរ អំពីស្នាដៃរបស់ក្រុមស្រមោលខ្លាំងដែរ ដោយបានរចនាឈុតនីមួយៗប្រកបដោយគំនិតច្នៃប្រឌិតពោពេញដោយភាពប្រណីត ថែមទាំងប្រកបដោយអត្ថន័យ៕