ទ្រាំលែងបាន ពេលនេះជំទាវ ស្រីអយ ចេញមុខដាក់ផាំងៗ ក្រោយ សឿ សុធារ៉ា ចោទជំពាក់លុយតុងទីន
នៅមួយរយៈចុងក្រោយនេះ អតីតតារាកំប្លែង ជំទាវ ស្រីអយ កំពុងមានរឿងអាស្រូវលុយតុងទីនជាមួយអ្នកសិល្បៈដូចគ្នាផ្អើលពេញបណ្ដាញសង្គម ដោយត្រូវបានអ្នកនាង សឿ សុធារ៉ា លើកឡើងថា ជំទាវ ស្រីអយ ជំពាក់លុយតុងទីននាងដល់ទៅជិត ១ ម៉ឺនដុល្លារ។ បើទោះជាអ្នកនាង សឿ សុធារ៉ា បានបញ្ជាក់ជារឿយៗពីរឿងរ៉ាវខាងលើនេះក្តី តែបញ្ហានេះនៅតែជាចម្ងល់ដល់មហាជននៅឡើយ ក៏ព្រោះតែជំទាវ ស្រីអយ នៅមិនទាន់បានបកស្រាយនៅឡើយនោះ។
យ៉ាងណាមិញ ក្រោយពីស្ងប់ស្ងាត់មិនឃើញមានការឆ្លើយតបពាក់ព័ន្ធរឿងរ៉ាវចម្រូងចម្រាស់ប្រាក់កាក់នេះ ស្រាប់តែនៅតែទី ១០ ខែតុលា ឆ្នាំ ២០២១ កន្លងទៅ ជំទាវ ស្រីអយ ក៏បានចេញមុខមកបង្ហោះសារមួយថា ៖ «មួយសប្តាហ៍ហើយដែលរងការប្រមាថ និង ភាពឈឺចាប់ ស្អែកខ្ញុំត្រូវទាមទារយុត្តិធម៌ និង ភាពស្អាតស្អំរបស់ខ្ញុំវិញ»។ លើសពីនោះ មកដល់ថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០២១ នេះ ជំទាវ ស្រីអយ ក៏បង្ហោះសារបន្ថែមមួយទៀតថា ៖ «អ្នកឯងនឹងមានវិប្បដិសារីអស់មួយជីវិត»។
សារថ្មីចុងក្រោយនេះដែរ គេក៏បានឃើញតារាកំប្លែងអ្នកនាង ខ្ញុង ដែលត្រូវបានអ្នកនាង សឿ សុធារ៉ា ប្រកាសថាពាក់ព័ន្ធរឿងប្រាក់កាក់លុយតុងទីនដូចគ្នានោះ ក៏បានចូលទៅខមមិនលើសាររបស់ជំទាវ ស្រីអយ ថា ៖ «យើងធ្វើល្អទៅនឹងបានផលល្អអ្នកដែលសាងអាក្រក់រស់មិនបានយូរឡើយបងចាំមើលទៅ»។
យ៉ាងណាក៏ដោយ បើទោះជាសាមីខ្លួនសងខាងបានចេញមុខមកបកស្រាយ និង បញ្ជាក់ភាពស្អាតស្អំរាងៗខ្លួនយ៉ាងណាក្តី មហាជនអ្នកគាំទ្រតារាស្រីទាំង ៣ ក៏នៅតែរង់ចាំមើលថា តើចុងក្រោយរឿងរ៉ាវនេះ នឹងត្រូវបញ្ចប់ដោយរបៀបណា?