មុនរៀបការកំពូលតួស្រី Jun Ji hyun និង ស្វាមី ធ្លាប់មានទំនាក់ទំនងបែបអ៊ីចឹងសោះ
មកទល់ពេលនេះ កំពូលតារាសម្តែងស្រីជួរមុខ Jun Ji hyun បានរៀបការសាងជីវិតគ្រួសារយ៉ាងផ្អែមល្ហែមជាមួយលោក Choi Joon Hyuk ជាស្វាមី អស់រយៈពេលជាង ៩ ឆ្នាំមកហើយ ពោលគឺតាំងពីឆ្នាំ ២០១២ មកម្ល៉េះ ហើយអ្នកទាំងពីរក៏មានកូនប្រុសសង្ហាៗពីរនាក់ជាចំណងដៃផងដែរ។
តារាស្រីរូបនេះ ពិតជាមានវាសនាសំណាងខ្ពស់ខ្លាំងណាស់ ព្រោះមិនត្រឹមតែបានស្វាមីដែលចេះថ្នាក់ថ្នមស្រឡាញ់យល់ចិត្តមិនឱ្យទាស់ចិត្តនោះទេ ប៉ុន្ដែលោកថែមទាំងជាកូនប្រុសម្នាក់ ដែលកើតនៅក្នុងគ្រួសារអភិជនល្បីបំផុតនៅក្នុងប្រទេសកូរ៉េខាងត្បូង និង កំពុងកាន់កាប់ធនាគារអន្តរជាតិមួយ ដែលមានតម្លៃគិតជាលុយសុទ្ធរាប់រយលានដុល្លារថែមទៀតផង។
អ្វីដែលគួរឱ្យភ្ញាក់ផ្អើល បើយោងតាមប្រភពព័ត៌មាន ស្វាមីភរិយាមួយគូនេះ គឺធ្លាប់ជាមិត្តភក្ដិជិតស្និទ្ធ ដឹងចិត្តគ្នា តាំងពីនៅក្មេងមកម៉្លេះ ប៉ុន្តែពេលធំឡើង អ្នកទាំងពីរត្រូវឃ្លាតគ្នា ដើម្បីរត់រកគោលដៅជីវិតការងាររៀងៗខ្លួន។ នៅពេលធំពេញវ័យហើយ ពួកគេក៏មានឱកាសបានជួបគ្នាម្តងទៀត ហើយក៏បានរាប់អានយល់ចិត្តគ្នាវិញដូចដើម។
ការត្រឡប់មកជួបគ្នាវិញម្តងនេះ កាន់តែធ្វើឱ្យអ្នកទាំងពីរកាន់ស្និទ្ធស្នាលជាងមុនទៅទៀត រហូតធ្វើឱ្យខាងប្រុសបាក់ស្រឡាញ់ Jun Ji hyun តែម្តង នៅពេលដែលនាងបាននៅមើលថែរូបលោកពេលកំពុងមានជំងឺ។
យ៉ាងណាមិញ ក្រោយមកតារាស្រី និង ស្វាមី បាននៅបន្តទាក់ទងមើលចិត្តគ្នាក្នុងនាមជាសង្សាររហូតដល់ទៅ ២ ឆ្នាំឯណោះ ទើបសម្រេចចិត្តរៀបការសាងគ្រួសារជាមួយគ្នាយ៉ាងមានសុភមង្គលដូចសព្វថ្ងៃនេះ៕