ចាក់ផ្សាយមិនប៉ុន្មានផង រឿងភាគថ្មីរបស់ Jun Ji Hhyun ធ្វើឱ្យផលិតកម្មធ្លាក់ហ៊ុនខ្ពាក ព្រោះមូលហេតុមួយនេះ
ថ្មីៗនេះ រឿងភាគថ្មីរបស់កូរ៉េ «Jirisan» ដែលត្រូវបានចូលរួមសម្តែងដោយកំពូលតារាស្រី Jun Ji Hyun កំពុងចាប់ផ្តើមចាក់ផ្សាយឱ្យមហាជនអ្នកគាំទ្រទាំងឡាយ បានទស្សនាកម្សាន្តអារម្មណ៍ហើយ ប៉ុន្តែក្រោយពីចាក់ផ្សាយមិនទាន់បានប៉ុន្មានផងនោះ ស្រាប់តែរឿងនេះ បានធ្វើឱ្យអ្នករួមហ៊ុនផលិតទាំងប៉ុន្មាននាំគ្នាភ័យបារម្ភបាត់ទៅហើយ។
តាមព័ត៌មានបានឱ្យដឹងថា នៅថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២១ កន្លងទៅនេះ ក្រុមហ៊ុនផលិតកម្ម A Story ដែលនៅពីក្រោយការផលិតរឿង «Jirisan» នេះ បានធ្លាក់ភាគហ៊ុនរហូតដល់ជាង ២០ ភាគរយឯណោះ សូម្បីតែផលិតកម្មចូលរួមផលិតផ្សេងៗទៀត ក៏បានធ្លាក់ភាគហ៊ុនដូចគ្នាផងដែរ។
ការធ្លាក់ហ៊ុនចុះយ៉ាងគំហុកដូចនេះ ត្រូវបានគេជឿថា មកពីរឿងនេះបានទទួលការរិះគន់យ៉ាងចាស់ដៃពីសំណាក់មហាជនអ្នកទស្សនា នៅថ្ងៃ ២៣ ខែតុលា ឆ្នាំ ២០២១ ដែលជាថ្ងៃចាក់ផ្សាយដំបូងកន្លងទៅនេះឯង។ ពួកអ្នកទស្សនាជាច្រើន បានបញ្ចេញការមិនពេញចិត្តទើសទាល់ ដោយសារតែឆាកមួយចំនួនក្នុងរឿងនេះ បានមានបច្ចេកទេសកាត់តឆ្គងមិនសមភ្នែកជាច្រើន ហើយសូម្បីតែចម្រៀងច្រៀងអមក្នុងរឿងនោះ ក៏មិនស៊ីជាមួយនឹងសាច់រឿងថែមទៀតផង។
យ៉ាងណាមិញ រឿងនេះ ត្រូវបានគេប្រើប្រាស់ទុនផលិតអស់ជិត ៣០ លានដុល្លារឯណោះ ហើយបើទោះបីជាមានភាគហ៊ុនធ្លាក់ក៏ពិតមែន តែត្រឹមតែភាគទីមួយ «Jirisan» មានចំនួនអ្នកមើលកើតរហូត ៩.១ ភាគរយ ដែលជាចំនួនច្រើនបំផុតក្នុងប្រវត្តិសាស្រ្តរបស់ទូរទស្សន៍ TVNs ហើយចំណែកភាគទីពីរគឺរឹតតែខ្ពស់ទៅទៀត ពោលគឺ ១២.២ ភាគរយថែមទៀតផង៕