រាសីស្រុតចុះ! ត្រឹមមួយយប់ រ៉ូស ផ្ទុះរឿងអាស្រូវសឹងបែកមេឃ ២ ផ្ទួនៗ មិនទាន់រកច្រកចេញឃើញ
តារាសម្ដែង រ៉ូស កំពុងធ្វើឱ្យមហាជនបង្វែរការចាប់អារម្មណ៍លើរូបនាងជាថ្មី បន្ទាប់ពីតារាស្រីរូបនេះ បានផ្ទុះរឿងអាស្រូវធំៗ ២ ផ្ទួនៗគ្នាចំថ្ងៃតែមួយ ដោយមកដល់ព្រឹកថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២១ នេះ រ៉ូស នៅមិនទាន់បានដោះស្រាយ ឬ ចេញមុខបកស្រាយបញ្ចប់រឿងណាមួយនៅឡើយ។
ជាការពិត រឿងអាស្រូវទី ១ ដែល រ៉ូស កំពុងជួបប្រទះ គឺកាលពីយប់ថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២១ កន្លងទៅនេះ លោកស្រី ទ្រី ដាណា បានប្រគល់សិទ្ធិឱ្យមេធាវីផ្ទាល់ខ្លួន ធ្វើលិខិតអញ្ជើញឱ្យឈ្មោះ ហាស់ វីរ៉ាស្រីរ័ត្ន ហៅ រ៉ូស ចូលខ្លួនដោះស្រាយបញ្ហាពាក់ព័ន្ធនឹងការបញ្ចេញមតិនៅក្រោមការផុសរបស់លោកស្រី ទ្រី ដាណា ថា ៖ «ចែស្អាតណាស់ តែចែនៅខ្វះខាតការតុបតែងខ្លួន ប្អូនចង់ឱ្យបងតុបតែងខ្លួនមើលទៅស៊ីវិល័យស័ក្តិសមនឹងទ្រព្យសម្បត្តិដែលបងមាន ប្អូនរិះគន់ដើម្បីស្ថាបនា ព្រោះស្រឡាញ់ទឹកចិត្តសប្បុរសធម៌របស់បង»។
តាមរយៈលិខិតអញ្ជើញនោះ មេធាវីរបស់លោកស្រីថៅកែហាងពេជ្រ ទ្រី ដាណា ដ៏ល្បីខាងលើបានអះអាងថា ការបញ្ចេញយោបល់របស់ រ៉ូស បានធ្វើឱ្យប៉ះពាល់ដល់កិត្តិយសលោកស្រី ទ្រី ដាណា យ៉ាងខ្លាំង។
ដោយឡែក សម្រាប់រឿងរ៉ាវអាស្រូវដ៏ក្ដៅគគុកទី ២ គឺនៅក្នុងយប់ថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២១ ដដែល តារាសម្ដែង រ៉ូស ក៏ត្រូវបានតារា TikTok ក៏មានប្រជាប្រិយភាព ម៉ាក់ល័ក្ខ បានទម្លាយសារសម្ងាត់ដែល រ៉ូស បានធ្វើជាម៉ែយ៉ែម ដោយបានល្បួងខ្លួនឱ្យទៅជួបឧកញ៉ា ដោយឱ្យថ្លៃម្ដង ១០០០ ដុល្លារ បង្កឱ្យមានការភ្ញាក់ផ្អើលជាថ្មីដល់អ្នកប្រើប្រាស់បណ្ដាញសង្គម។
ថ្វីដ្បិតថា ក្រោយទទួលបានលិខិតអញ្ជើញពីមេធាវីរបស់លោកស្រី ទ្រី ដាណា ភ្លាម រ៉ូស បានបង្ហោះសារសុំទោសភ្លែត តែរឿងរ៉ាវមួយនេះនៅមិនទាន់ចប់សព្វគ្រប់នៅឡើយ ហើយសម្រាប់រឿងធ្វើជាម៉ែយ៉ែមល្បួងតារា TikTok ខាងលើឱ្យទៅជួបឧកញ៉ា ម្ដង ១០០០ ដុល្លារ ក៏មិនទាន់ឃើញ រ៉ូស ឆ្លើយតបអ្វីដែរ៕