មិនចង់ឱ្យសង្ស័យទៀត Pinky បញ្ជាក់ច្បាស់ៗ ពាក់ព័ន្ធរឿងនាងដោះដៃពីអាជីពសម្តែង ទៅលក់អនឡាញ
ថ្មីៗនេះ មហាជនកំពុងតែផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ក្រោយលេចឮដំណឹងថា តារាសម្តែងស្រីរូបស្រស់ Pinky Savika នឹងឈប់ពីការងារសិល្បៈនៅពេលខាងនេះ។ ក្រោយលេចឮដំណឹងបែបនេះ មហាជន ក៏ដូចជាអ្នកគាំទ្រសម្តែងការសោកស្តាយជាខ្លាំងចំពោះតារាសម្តែងដ៏មានសមត្ថភាពដូចជារូបនាង។
យ៉ាងណាមិញ ក្រោយលេចឮដំណឹងដ៏គួរឱ្យសោកស្តាយនេះ ស្រាប់តែនៅថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២១ កន្លងទៅ តារាស្រី Pinky Savika ក៏បានចេញមុខបញ្ជាក់ច្បាស់ៗ នៅក្នុងសន្និសីតការសែតមួយថា ៖ «ចំពោះព័ត៌មានដែលថានាងនឹងឈប់ពីការងារសិល្បៈមិនមែនជាការពិតទេ ប្រហែលអាចនឹងសារព័ត៌មានស្តាប់ច្រឡំហើយ មុននោះនាងបានចេញមុខនិយាយរឿងរ៉ាវការសម្តែងម្តងដែរថា ពេលនេះនាងផ្តោតសំខាន់លើការលក់អនឡាញសិន ចំណែកឯការងារថតរឿងដែលមានអ្នកទាក់ទងមកបន្តកន្ទុយគ្នានោះ នាងសុំមើលសាច់រឿងការសម្តែងជាមុនសិន បើចាប់អារម្មណ៍នាងនឹងថតទៀត»។ ក្នុងនោះដែរ នាងក៏បានបន្តទៀតថា ៖ «ឆ្នាំនេះការងារថតរឿងចូលមកច្រើន ហើយនាងក៏បានបដិសេធគេ ៣ ទៅ ៤ រឿងទៅហើយដែរ»។
ក្រោយពីប្រកាសច្រានចោលដំណឹងឈប់ពីជីវិតជាអ្នកសម្តែងរបស់តារាស្រី Pinky Savika បានធ្វើឱ្យមហាជន ពិសេសអ្នកគាំទ្រតារាស្រីរូបនេះសប្បាយចិត្តមិនស្ទើរឡើយ ព្រោះកន្លងមកដោយសារតែរឿងនេះ បានធ្វើឱ្យពួកគេបារម្ភយ៉ាងខ្លាំង ដោយពួកគេអាចនឹងមិនបានឃើញអាយដលសម្តែងតទៅទៀត បើសិនជាការពិតនោះ៕
ប្រភព៖ nineentertain