មិនទុកទេ Ma Dong Seok និយាយដើម Angelina Jolie បែបនេះ ក្រោយរួមការងារជាមួយគ្នាលើកដំបូង
តារាសម្តែងល្បីឈ្មោះប្រចាំកូរ៉េខាងត្បូងលោក Ma Dong Seok ដែលមហាជនភាគច្រើនបានស្គាល់ពីសមត្ថភាព និង ទេពកោសល្យរបស់លោក។ តារាប្រុសរូបនេះមានស្នាដៃភាពយន្តខ្នាតធំល្បីៗជាច្រើន ជាពិសេសគឺរឿង «Train to Busan» ហើយថែមទាំងបានបោះជំហានចូល Hollywood ក្រុមហ៊ុន Marvel នឹងដើរតួអង្គជា Hero ក្នុងរឿង «Eternals» ទៀតផង។
តារាប្រុសវ័យ ៥០ ឆ្នាំ ដែលមានបទពិសោធលើការសម្តែងជាង ១៦ ឆ្នាំ រូបនេះបានថ្លែងពីអារម្មណ៍រំភើបរបស់ខ្លួន នៅពេលបានជួប និង ចូលរួមសម្តែងក្នុង Marvel ជាលើកដំបូង ជាពិសេសគឺពេលបានជួបតារាសម្តែងស្រីល្បីឈ្មោះអ្នកនាង Angelina Jolie។
តាមរយៈបទសម្ភាសមួយកាលពីថ្មីៗនេះ លោកបានរៀបរាប់ថា ៖ «វាជាបទពិសោធដ៏អស្ចារ្យមួយសម្រាប់ខ្ញុំ ព្រោះតែបានក្លាយជាចំណែកមួយក្នុងក្រុម Hero របស់ Marvel ដែលលោកតែងតាមដានតាំងពីយូរមកហើយ។ តារាសម្តែងនៅក្នុងរឿង «Eternals» ភាគច្រើនខ្ញុំបានជួបគាត់ម្តង ឬ ពីរដងប៉ុណ្ណោះ តែពួកគាត់ទទួលស្វាគមន៍ និង រួមសហការគ្នាបានយ៉ាងល្អនៅពេលយើងថតរឿង»។
«អ្វីដែលរឹតតែអស្ចារ្យសម្រាប់ខ្ញុំទៀតនោះ គឺបានជួបតារាជើងចាស់អ្នកនាង Angelina Jolie ដែលគាត់ជាស្រ្តីម្នាក់ខ្ញុំគោរពស្រឡាញ់ខ្លាំង។ គាត់មិនត្រឹមតែដើរតួជាមេក្រុម ដឹកនាំ មើលថែពួកយើងនៅក្នុងសាច់រឿងទេ ខាងក្រៅឆាកក៏ដូចគ្នា។ គាត់មើលថែក្រុមការងារយ៉ាងដិតដល់ ហើយយកចិត្តទុកដាក់ប្រៀបដូចជាបងស្រីម្នាក់។ គាត់ជាមនុស្សស្រីដែលគួរឱ្យគោរព និង កោតសរសើរមួយរូប ដែលខ្ញុំនឹកស្មានមិនដល់ គាត់ធ្វើឱ្យខ្ញុំមានអារម្មណ៍ថាប្រៀបបីដូចជាស្គាល់គ្នារាប់ឆ្នាំ ពេលដែលបានចូលរួមសម្តែងជាមួយគ្នា»។
Ma Dong Seok បន្ថែមថា ៖ «គាត់បានធ្វើឱ្យខ្ញុំរំភើបកាន់តែខ្លាំង នៅពេលដែលគាត់មកប្រាប់ខ្ញុំថា គាត់ជាហ្វេនម្នាក់របស់ខ្ញុំ ហើយគាត់បានមើលសាច់រឿងខ្ញុំសម្តែងជាច្រើនរឿង»៕
ប្រភព៖ Soompi