(វីដេអូ) ក្តោបឱកាសជាគណៈកម្មការ MUC 2021 ពេជ្រ សោភា នឹងត្រៀមបង្ហាញអ្វីជាកម្ពុជា
វេលាដ៏អស្ចារ្យនៃការស្វែងរកម្ចាស់មកុដជ័យលាភី Miss Universe Cambodia 2021 កាន់តែកៀកជិតមកដល់ហើយនៅយប់ថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២១ នេះ ដោយអ្នកស្នេហាវិស័យបវរកញ្ញាកំពុងតែរំជើបរំជួល ជ្រួលចិត្តទន្ទឹងចាំមើលថា បេក្ខភាព ១៩ រូប នរណាម្នាក់នឹងគ្រងមកុដ MUC 2021។
ក្នុងនោះ កៀកកាន់តែដល់ម៉ោងប្រកួតផ្តាច់ព្រ័ត្រ វត្តមានរបស់គណៈកម្មការទាំង ៩ រូប សម្រាប់ឆ្នាំនេះ ក៏បានបង្ហាញរួចរាល់ ដោយក្នុងនោះក៏មានកំពូលតារាចម្រៀងជួរមុខ អ្នកនាង ពេជ្រ សោភា ជាគណៈកម្មការមួយរូបដែរ។
ស្របពេលអ្នកគាំទ្រកំពុងរង់ចាំការបង្ហាញភាពអស្ចារ្យរបស់បេក្ខភាពទាំង ១៩ រូប ផង និង វត្តមានលើកដំបូងជាគណកម្មការក្នុងវិស័យដើរម៉ូដរបស់តារាចម្រៀង ពេជ្រ សោភា ផងនោះ ក្រឡេកទៅមើលម្ចាស់សាម៉ីខ្លួន ពោលគឺអ្នកនាង ពេជ្រ សោភា ក៏កំពុងតែរំភើបចិត្តខ្លាំងណាស់ដែរក្នុងការបង្ហាញខ្លួនរបស់អ្នកនាង។
នៅលើគណនីហ្វេសប៊ុករបស់តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស អ្នកនាង ពេជ្រ សោភា បានបង្ហាញនៅពាក្យមួយឃ្លាយ៉ាងខ្លី តែមានអត្ថន័យយ៉ាងខ្លាំងក្រោយពីអ្នកនាងមានឱកាសជាគណកម្មការ នៅរាត្រីវគ្គផ្តាច់ព្រ័ត្រ MUC 2021 ថា៖«ខ្ញុំមានឱកាស! អ្នកនឹងស្គាល់របស់ដែលជាប្រទេសខ្ញុំ»។
សារខ្លីតែបង្កប់អត្ថន័យយ៉ាងជ្រាលជ្រៅក្នុងនាមជាសិល្បការិនីប្រចាំប្រទេសកម្ពុជា បានធ្វើឱ្យអ្នកគាំទ្រកាន់តែពុះកញ្ច្រោលចង់ដឹងថា តើតារាចម្រៀង ពេជ្រ សោភា នឹងត្រៀមអ្វីដ៏អស្ចារ្យសម្រាប់វគ្គផ្តាច់ព្រ័ត្រ Miss Universe Cambodia 2021 នេះ៕