តារាស្រី ៣ ដួង ត្រូវមហាជនដាក់រហស្សនាម «រាជិនី»
នៅក្នុងសង្គមសិល្បៈខ្មែរសម័យថ្មី គេចាប់អារម្មណ៍ថា មានតារាស្រី ៣ ដួង ដែលទទួលបានរហស្សនាមថា «រាជិនី» ពីមហាជនអុ្នកគាំទ្រវិស័យសិល្បៈ ដោយសារតែសម្លឹងឃើញពីចំណុចពិសេសលេចធ្លោរបស់ពួកគេរៀងៗខ្លួន។ តារាស្រីទាំង ៣ ដួងនេះរួមមាន៖
១. មាស សុខសោភា រហស្សនាម «រាជិនីសំឡេង»
តារាចម្រៀងស្រី មាស សុខសោភា គឺជាកំពូលតារាចម្រៀងស្រីលំដាប់ជួរមុខម្នាក់ក្នុងប្រទេសកម្ពុជា និង ត្រូវបានមហាជនដាក់រហស្សនាមថា «រាជិនីសំឡេង» ដោយសារតារាស្រីរូបនេះ មានសមត្ថភាពខ្ពស់ក្នុងវិស័យចម្រៀង ដែលនាងមានទឹកដមសំឡេងពីរោះក្រអួនក្រអៅបែបបំពេរ និង ផ្អែមមុត ពេលដែលបង្ហើរសំនៀងបែបមនោសញ្ចេតនាម្តងៗតែងតែធ្វើឱ្យអ្នកស្តាប់ដក់ចិត្ត លង់អារម្មណ៍ ស្លុងទៅតាមមន្តស្នេហ៍សំនៀងរបស់នាងដោយមិនដឹងខ្លួន។ ម៉្យាងវិញទៀត មិនត្រឹមតែមានសមត្ថភាពច្រៀងបទមនោសញ្ចេតនាបានពីរោះរណ្តំចិត្តប៉ុណ្ណោះទេ គឺតារាស្រីរូបនេះ អាចច្រៀងបានគ្រប់បទ គ្រប់ចង្វាក់ ហើយបច្ចុប្បន្ននេះ គេឃើញថាមិនទាន់មានអ្នកជំនាន់ក្រោយណាមួយអាចបំបាក់បានឡើយ។
២. មាន សូនីតា រហស្សនាម «រាជិនីក្រមា»
កញ្ញា មាន សូនីតា ជាតារាស្រីដ៏មានប្រជាប្រិយភាពមួយរូបក្នុងសង្គមសិល្បៈ ដែលត្រូវបានមហាជនអ្នកគាំទ្របានដាក់រហស្សនាមឱ្យថា «រាជិនីក្រមា» ព្រោះតារាស្រីរូបនេះ តែងជួយលើកស្ទួយក្រមាខ្មែរ តាមរយៈគំនិតច្នៃប្រឌិតរបស់នាង ចំពោះការស្រឡាញ់ក្រមាខ្មែរ ដែលបានកែច្នៃក្រមា ទៅជាឈុតសម្លៀកបំពាក់ដ៏ស្រស់ស្អាតទាក់ទាញ និង រចនាឡើងដោយភាពថ្លៃថ្នូរទាំងម៉ូសបែបបុរាណ និង សម័យ។ ម្យ៉ាងវិញទៀត គេសង្កេតឃើញតារាស្រីរូបនេះ តែងបង្ហាញខ្លួនក្នុងឈុតច្នៃពីក្រមាចូលរួមកម្មវិធីនានា ពោរពេញដោយភាពលេចធ្លោ។ លើសពីនេះ នាងថែមទាំងធ្លាប់បានបង្ហាញឈុតក្រមានេះ លើឆាកអន្តរជាតិ ឱ្យពិភពលោកបានស្គាល់ទៀតផង។
៣. ហ៊ិន ចាន់នីរ័ត្ន រហស្សនាម «រាជិនីសម្រស់»
ពិធីការិនី ហ៊ិន ចាន់នីរ័ត្ន ជាពិធីការិនីដ៏មានប្រជាប្រិយភាព ដែលទាញបានចិត្តមហាជនគ្រប់ស្រទាប់ឱ្យស្រឡាញ់គាំទ្ររូបនាង ជាមួយនឹងទេពកោល្យ សមត្ថភាពផ្សេងៗក្នុងវិស័យសិល្បៈ ជាពិសេសទៅទៀត គឺរូបសម្រសដ៏ស្រស់ផូរផង់របស់នាង។ លើសពីនេះ ដោយសារតែសម្រស់ដ៏ស្រស់ស្អាតពីធម្មជាតិ រាងស្រឡូន សាច់សខ្ចីម៉ត់រលោង មុខមាត់ញញឹមស្រស់មានមន្តស្នេហ៍របស់នាង ត្រូវបានមហាជនអ្នកគាំទ្រសរសើរ និង បានដាក់រហស្សនាមថា «រាជិនីសម្រស់» ព្រោះរាល់រូបភាពដែលពិធីការិនីរូបនេះបង្ហាញលើបណ្ដាញសង្គម មិនថាលេងស្ទីលបែបស៊ីវីល័យសម័យថ្មី ឬ បុរាណនោះទេ សុទ្ធសឹងតែលេចធ្លោទាក់ភ្នែកខ្លាំង៕