ជូនពរថ្ងៃកំណើត ឃុំ ប៉ុណ្ណាដែត ហើយ យក់ ឋិតរដ្ឋា នៅទម្លាយរូបប្តីប៉ុន្មានសន្លឹក ស៊ីអារម្មណ៍អស់ស្ទះ
បើគិតមកដល់ឆ្នាំ ២០២១ នេះ រយៈពេលជិត ១៥ ឆ្នាំមកហើយ ដែលតារាចម្រៀង យក់ ឋិតរដ្ឋា និង អតីតមិត្តរួមក្រុម EV Band លោក ឃុំ ប៉ុណ្ណាដែត បានបញ្ចប់ភាពនៅលីវ និង រៀបការជាមួយគ្នាសាងគ្រួសារយ៉ាងមានសុភមង្គលតាំងពីអំឡុងខែឧសភា ឆ្នាំ ២០០៦ មក ។ ពេលនេះ តារាចម្រៀងប្រុសស្រីមួយគូខាងលើនេះ ក៏ទទួលបានចំណងដៃកូនប្រុស ២ នាក់ និង កូនស្រី ១ នាក់ ហើយដែរ ។
រយៈពេល ១៥ ឆ្នាំ កន្លងមកនេះ គូស្វាមីភរិយាសិល្បៈ អ្នកនាង យក់ ឋិតរដ្ឋា និង លោក ឃុំ ប៉ុណ្ណាដែត ក៏នៅតែបង្ហាញភាពផ្អែមល្ហែម ស្រឡាញ់គ្នាលើសដើមកាលពីក្រមុំកំលោះ បើទោះជាវ័យអ្នកទាំង ២ កាន់តែកើនអាយុ ហើយមានកូនស្រីប្រុសច្រើនហើយក្តី។
ជាក់ស្តែង នៅថ្ងៃកំណើតស្វាមី ពោលគឺខួបកំណើតលោក ឃុំ ប៉ុណ្ណាដែត នៅថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ អ្នកនាង យក់ ឋិតរដ្ឋា មិនភ្លេចឡើយក្នុងថ្ងៃពិសេសរបស់ស្វាមី ដោយអ្នកនាងបានបង្ហោះសារជូនពរទាំងព្រឹកដល់លោក ឃុំ ប៉ុណ្ណាដែត។ លើសពីនោះ អ្នកនាង យក់ ឋិតរដ្ឋា បានបង្ហោះរូបភាពកាលពីនៅលីវរបស់អ្នកនាង និង ស្វាមី លើគណនីហ្វេសប៊ុកទៀតផង ហើយអ្វីដែលធ្វើឱ្យអ្នកគាំទ្រចាប់ភ្លឹកនោះ គឺរូបភាព ២ សន្លឹករបស់លោក ឃុំ ប៉ុណ្ណាដែត ដែលចំហល្វែងលើបញ្ចេញរន្ធផ្ចិតយ៉ាងសិចស៊ីតែម្តង៕