កម្មវិធីចប់បាន ៤ ថ្ងៃ កំពូលតារាចម្រៀង ពេជ្រ សោភា ចេញមុខនិយាយបែបនេះ ពីម្ចាស់មកុដ ងិន ម៉ារ៉ាឌី
ក្រោយពីការប្រកាសលទ្ធផល និង ស្វែងរកឃើញម្ចាស់មកុដ Miss Universe Cambodia 2021 ដែលនឹងត្រូវតំណាងឱ្យកម្ពុជាទៅប្រកួតលើឆាកអន្តរជាតិនៅទីក្រុងអេលីត ប្រទេសអ៊ីស្រាអែល ខាងមុខនេះ គេកត់សម្គាល់ឃើញមហាជនអ្នកគាំទ្រវិស័យបវរកញ្ញា និង អ្នកលេងបណ្តាញសង្គមហ្វេសប៊ុកមួយចំនួន កំពុងតែផ្ទុះកញ្ច្រោលបញ្ចេញមតិផ្សេងៗគ្នា ទៅលើម្ចាស់មកុដកញ្ញា ងិន ម៉ារ៉ាឌី ដោយក្នុងនោះមានទាំងការពេញចិត្ត និង ការមិនពេញចិត្ត។
ក្រឡេកទៅមើលអ្នកនាង ពេជ្រ សោភា ដែលជាគណៈកម្មការមួយរូបក្នុងចំណោមគណៈកម្មការទាំងអស់នៃកម្មវិធី Miss Universe Cambodia 2021 ក្រោយពីបានបង្ហាញពីភាពរំភើបរបស់ខ្លួនលើឆាកប្រកួតបវរកញ្ញារូបនេះហើយ ស្រាប់តែនៅថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ អ្នកនាង ពេជ្រ សោភា ក៏បានចេញមុខមកបញ្ចេញមតិពាក់ព័ន្ធនឹងលទ្ធផលរបស់កញ្ញា ងិន ម៉ារ៉ាឌី ផងដែរ។
ក្នុងនាមជាគណៈកម្មការមួយរូបក្នុងថ្ងៃស្វែងរកម្ចាស់មកុដនោះ អ្នកនាង ពេជ្រ សោភា បានរៀបរាប់ថា ៖ «សម្រាប់ខ្ញុំគឺមិនចង់និយាយច្រើនទេ ត្រូវចាំអ្នកទៅប្រឡងបន្តគឺគាត់។ អ៊ីចឹង! យើងគួរគិតថាគាត់តំណាងឱ្យប្រទេសកម្ពុជា។ ការលើកទឹកចិត្ត គឺសំខាន់ បើយើងមិនគាំទ្រគាត់ ឱ្យអ្នកណាមកគាំទ្រគាត់ក្នុងពេលនេះ? អរគុណ! ពីនាងខ្ញុំ ពេជ្រ សោភា»៕