បើឆាកខែថ្មីភ្លាម មូល សារ៉ាវ៉ាន់ ពិធីករ Miss Grand ដឹកដៃគូដណ្ដឹងចូលរោងការ ឡើងផ្អើលអ្នកសិល្បៈ
បើគិតមកដល់ពេលនេះ រយៈពេលជាច្រើនឆ្នាំមកហើយដែលពិធីករល្បីឈ្មោះ មូល សារ៉ាវ៉ាន់ បានបើកចំហទំនាក់ទំនងស្នេហ៍ជាមួយមិត្តស្រីជាសាធារណៈបង្ហាញដល់មហាជនអ្នកគាំទ្រ ហើយកាលថ្មីៗកន្លងទៅ លោកបាននាំចាស់ទុំចូលចែចូវ ដោយប្តូរឈ្មោះជាសង្សារទៅជាគូដណ្តឹងនឹងគ្នាហើយដែរ។
ជាការពិតណាស់ បើតាមការបង្ហាញឱ្យដឹងជារឿយៗរបស់លោក មូល សារ៉ាវ៉ាន់ គឺលោក និង គូដណ្តឹង មានគម្រោងចូលរោងការយូរណាស់មកហើយ ប៉ុន្តែដោយការរាតត្បាតកូវីដ-១៩ ទើបធ្វើឱ្យពិធីករសង្ហារូបនេះត្រូវផ្អាកជាច្រើនលើកច្រើនសារ។
ដោយឡែក មកដល់ថ្ងៃទី ០១ ខែវិច្ឆកា ឆ្នាំ ២០២១ នេះ ពីធីកររូបសង្ហានេះ បានសម្រេចចិត្តដឹកដៃគូដណ្ដឹងសំណព្វចិត្តចូលរោងការហើយ ដែលបានឃើញរៀបចំកម្មវិធីធំដំមួយ មានការចូលរួមពីសំណាក់បងប្អូន មិត្តភក្តិក្នុងសិល្បៈជាច្រើនផងដែរ។
នេះបើតាមការបង្ហោះសារអបអរ និង ជូនពរថ្ងៃមង្គលពីលោក ប៉ែន ចំរ៉ុង ដែលបានរៀបរាប់ថា ៖ « ថ្ងៃទី ០១ ខែ ០១ ឆ្នាំ ២០២១ បងសូមអបអរសាទថ្ងៃមង្គលជ័យប្អូនទាំងពីរ កូវ កែវមន្នីរ័ត្ន Moul Saravan ហើយក៏សូមជូនពរឱ្យមានសុខភាពល្អ រកទទួលទានមានបាន សុខសុភមង្គលជានិច្ច (ផ្លូវដើរនៅវែងឆ្ងាយណាស់ មានតែពីរនាក់យើងទេដែលយល់ និង ជឿទុកចិត្តគ្នាបំផុត)»។
យ៉ាងណាមិញ ងាកមើលមហាជនអ្នកគាំទ្រលើបណ្ដាញសង្គមវិញ ក៏ដូចអ្នកសិល្បៈជាច្រើន ក៏កំពុងតែបង្ហោះសារចូលរួមអបអរសារទរដល់ពិធីកររូបនេះជាបន្តបន្ទាប់ផងដែរ៕