ថ្ងៃជ័យពិធីករ មូល សារ៉ាវ៉ាន់ ស្រាប់តែ គួច ខេវិន ពោលពាក្យលាក់ក្នុងចិត្តនេះឡើង ក្រោយរួមអាជីពនឹងគ្នាជាង ១០ ឆ្នាំ
ក្រោយពីសាងចំណងស្នេហ៍អស់រយៈពេលច្រើនឆ្នាំ និង ប្តូរងារពីសង្សារមកជាគូដណ្តឹងហើយនោះ នៅថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ ពិធីករលោក មូល សារ៉ាវ៉ាន់ បានដឹកដៃគូដណ្តឹងចូលរោងការហើយ។ បើទោះជាមិនបានរៀបចំគគ្រឹកគគ្រេងក៏ពិតមែន ប៉ុន្តែលោក មូល សារ៉ាវ៉ាន់ និង កូនក្រមុំដ៏ស្រស់ស្អាតរបស់លោក បានអញ្ចើញភ្ញៀវកិត្តិយស មិត្តភក្តិស្និទ្ធស្នាលក្នុង និង ក្រៅសិល្បៈជាច្រើនចូលរួមផងដែរ។
ក្នុងនោះ នៅព្រឹកថ្ងៃអាពាហ៍ពិពាហ៍របស់លោក មូល សារ៉ាវ៉ាន់ ក៏មានឃើញវត្តមានរបស់លោក គួច ខេវិន ដែលជាអ្នករៀបចំកម្មវិធីនៅស្ថានីយទូរទស្សន៍ PNN បានចូលរួមជូនពរជ័យដល់គូស្វាមីភរិយាថ្មីនេះ ដល់រោងការទៀតផង។
លើសពីនោះ ក្នុងនាមជារៀមច្បង និង ប្រធាននៅកន្លែងធ្វើការរួមគ្នា លោក គួច ខេវិន ក៏បានបង្ហោះសារយ៉ាងវែងអន្លាយជូនពរលោក មូល សារ៉ាវ៉ាន់ និង ភរិយា ក្នុងថ្ងៃពិសេសនេះដែរ ដោយលោកបានរៀបរាប់បញ្ចេញពាក្យក្នុងចិត្តជាច្រើនថា ៖ «ថ្ងៃចន្ទដើមទ្រព្យទ្រនាប់ចិត្ត ពិតជាថ្ងៃមង្គលមានសិរីសួស្តី ជោគជ័យមេត្រីបវរ តទៅអនាគត។ នាវេលាដ៏ប្រសើរស័ក្តិសមនៃពិធីមង្គលការរបស់ប្អូនប្រុស សារ៉ាវ៉ាន់ ក្នុងថ្ងៃថ្មី សប្តាហ៍ថ្មី ខែថ្មី បងសូមចូលរួម និង ប្រសិទ្ធិពរជ័យសិរីមង្គលវិបុលសុខគ្រប់ៗប្រការចូរមានដល់គូស្វាមី ភរិយានៃប្អូន បានសម្រេចតាមបំណងប្រាថ្នាកុំបីខាន។
រយៈពេលជាង ១០ ឆ្នាំលើដងវិថីសិល្បៈ ដែលបងបានស្គាល់ និង ធ្វើការងារជាមួយប្អូន បងក៏សូមកោតសរសើរដោយស្មោះចំពោះប្អូន ដែលជានិច្ចកាលតែងអំណត់ព្យាយាម យកចិត្តទុកដាក់ស្តាប់ឱវាទល្អៗហើយ សហការតស៊ូធ្វើកិច្ចការនានាឱ្យបានជោគជ័យ។ តាមពិតទៅ ទូក-ង ដែលលឿនលយបានឈ្នះទៅដល់ទីព្រ័ត្រ គឺអាស្រ័យទៅលើអ្នកដឹកនាំចង្អុលទិស អ្នកកាន់ចង្កូត និង កិច្ចសហការដោយស្រុះស្រួលរបស់អ្នកអុំនៅលើទូកតែមួយនោះ រីឯនៅលើវិថីសិល្បៈរបស់យើងក៏យ៉ាងដូច្នោះដែរ។ ចាប់ពីថ្ងៃនេះតរៀងទៅ សូមឱ្យចំណងស្នេហ៍អាពាហ៍ពិពាហ៍តាមប្រពៃណីរបស់ប្អូន សារ៉ាវ៉ាន់ ព្រមទាំងភរិយា បានស្ថិតស្ថេរគង់វង្សលើទ្រនំសុភមង្គល កើតជាកូនពូនជាចៅ រស់នៅប្រកបតែនឹងសេចក្តីសុខជាដ៏រាប!ជូនពរដោយស្មោះពីបង គួច ខេវិន»៕