ឪពុកស្លា-ប់ជាង ៦ ខែ កូនស្រីតារាកំប្លែង Nakom នៅនឹករឭកខ្លាំង ពោលពាក្យទាំងខ្លោចចិត្តបែបនេះ
ការឃ្លាតចាកលោកទៅរបស់តារាកំប្លែងល្បីឈ្មោះប្រចាំប្រទេសថៃ Nakhom Chuanchuen បានធ្វើឱ្យមហាជនជាច្រើនមានការសោកស្តាយស្រណោះជាខ្លាំង។ តារាកំប្លែងដែលធ្លាប់តែធ្វើឱ្យមហាជនផ្ទុះសំណើច និង សប្បាយរីករាយ បែរជាប្តូរមកធ្វើឱ្យមហាជនរញ្ជួយចិត្តស្ទើរទប់ទឹកភ្នែកមិនជាប់ពេលលោកឃ្លាតទៅ។
យ៉ាងណាមិញ គិតមកទល់ពេលនេះ អស់រយៈពេលជាង ៦ ខែមកហើយ ដែល Nakhom បានទទួលអនិច្ចកម្ម ដោយសារជំងឺកូវីដ-១៩ ប៉ុន្តែបើយើងក្រឡេកទៅមើលក្រុមគ្រួសារតារាកំប្លែងរូបនេះវិញ គឺហាក់នៅស្តាយស្រណោះមិនទាន់អស់អាល័យនៅឡើយ ជាពិសេសកូនស្រីលោក គឺអ្នកនាង Ice Napatcharin ដោយនាងបានបង្ហោះសារមួយនៅក្នុងបណ្តាញសង្គមកាលពីថ្មីៗនេះថា ៖ «៦ ខែហើយ… នឹករឭកដល់លោកពុកជាខ្លាំង នឹកខ្លាំងបំផុតនៃលោកនេះ មិនបានឮសំឡេងពុកសើច មានអារម្មណ៍ថាឯកាណាស់ សភាពផ្ទះទាំងមូលស្ងប់ស្ងាត់ណាស់… កូនមិនទាន់អាចធ្វើចិត្តមើលវីដេអូ ឬ ពុកធ្លាប់សម្តែងនៅឡើយទេ កូនចង់ឱបពុកខ្លាំងណាស់»។
សារដ៏រំជួលចិត្តមួយនេះ បានធ្វើឱ្យមហាជនហាក់ខ្លោចចិត្តទៅជាមួយទាំងព្រមតែម្តង ដោយគ្រប់គ្នាហាក់នឹករឭកដល់ និង បានចូលរួមជួយលួងលោមដល់អ្នកនាង Ice ឱ្យរឹងមាំ ដោយមានប្រិយមិត្តអ្នកគាំទ្រមួយចំនួន បានកោតសរសើរស្នាដៃដែលតារាកំប្លែង Nakhom ធ្លាប់មានកន្លងមក ហើយពួកគេតែងចងចាំគាត់ជានិច្ច៕