ទម្លាយអាថ៌កំបាំង ពីក្រោយ Li Ziqi សេដ្ឋីកើតចេញពីធ្វើវីដេអូបង្ហោះក្នុង Youtube ឈប់ធ្វើវីដេអូទៀត
បើនិយាយពីនាង Li Zipi មហាជនភាគច្រើនគឺប្រាកដណាស់ជាស្គាល់ថាជា កំពូលតារាល្បីលើបណ្ដាញសង្គម Youtube ម្នាក់ដែលតែងតែធ្វើវីដេអូបង្ហាញពីជីវិតរស់នៅបែបធម្មជាតិ ស្រុកស្រែចម្ការ និង ការធ្វើម្ហូបរបស់ប្រទេសចិន ទាក់ទាញភ្នែកមហាជនអ្នកទស្សនាឱ្យតាមដានវីដេអូនាង រហូតទទួលបានការគាំទ្ររហូតជាង ១៦ លាននាក់លើ Channel របស់នាងនោះ។
ទោះជាយ៉ាងណា មហាជនអ្នកគាំទ្រមានការភ្ញាក់ផ្អើល និង កើតជាចម្ងល់ជាខ្លាំង ដោយសារតែរយៈពេលប៉ុន្មានខែក្រោយមកនេះ នាង Zipi សុខៗគឺស្រាប់តែបាត់មុខពីលើ Youtube ដោយមិនមានបញ្ចេញវីដេអូថ្មីៗបន្តទៀត។ ការបាត់វត្តមានភ្លាមៗរបស់តារា Youtube ដ៏ល្បីរូបនេះ គឺបានបង្កជាចម្ងល់ ផ្ទុះការជជែកវែកញែក និង សង្ស័យថារូបនាង គឺកំពុងមានទំនាស់ជាមួយក្រុមហ៊ុន Weinian ដែលជាក្រុមហ៊ុនគ្រប់គ្រងរបស់នាង។
នាង Li Zipi បានឈប់ចេញវីដេអូថ្មីបន្តទៀត ក្រោយរូបនាងបញ្ចេញវីដេអូចុងក្រោយដែលមានចំណងជើងថា «Firewood,rice,oil,salt,soy sauce,vinegar,and tea» ដែលវីដេអូរយៈពេល ១៨ នាទីនេះ បានបញ្ចេញលើកម្មវិធីអនឡាញធំៗនៅចិនដូចជា Bilibili និង Douyin កាលពីថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២១។
តាមការបញ្ជាក់របស់អ្នកវិភាគឯករាជ្យផ្នែកបច្ចេកវិទ្យានៅក្រុងប៉េកាំង បានថ្លែងប្រាប់សារព័ត៌មាន Global Times ថា ក្រុមហ៊ុន Weinian គឺជាភ្នាក់ងារទីផ្សារផ្នែក influncers មួយដែលជួយបុគ្គលជា Influencers លើការបង្កើតម៉ាក ឬ ផលិតផលឱ្យមានការទទួលស្គាល់។ ក្នុងនោះដែរ នាង Li Ziqi បានធ្វើការជាមួយក្រុមហ៊ុនមួយនេះ ចាប់ដៃគ្នាបង្កើតម៉ាកផលិតផលមួយដែលបានប្រើប្រាស់ឈ្មោះនាង (Li Ziqi) ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ។
ជាក់ស្ដែង កាលពីឆ្នាំ ២០១៦ វីដេអូខ្លីមួយត្រូវបានចេញផ្សាយក្នុងចំណងជើងថា «Lanzhou beef noodle» ដែលវីដេអូនេះហើយ បានធ្វើឱ្យនាងទទួលភាពល្បីល្បាញយ៉ាងខ្លាំង។ ទោះជាយ៉ាងណា ក្រោយទទួលបានភាពជោគជ័យ និង ទ្រព្យសម្បត្តិរបស់នាងចេះតែបន្តកើនឡើង បញ្ហាទំនាស់ផ្នែកហិរញ្ញវត្ថុក៏អាចនឹងកើតមានឡើងរវាងនាង និង ក្រុមហ៊ុន ដែលនេះគឺអាចជាមូលហេតុធ្វើឱ្យនាង លែងបន្តផលិតវីដេអូទៀតនោះ៕