សុំកម្លាំងចិត្តម្នាក់មួយ! Miss Tourism សួន ពិសី នឹងតំណាងឱ្យកម្ពុជាឡើងឆាកអន្តរជាតិខែក្រោយ
ក្រោយពីបានផ្លាស់ប្តូរតំណែងពីជ័យលាភីរងទី ៤ មកជាជ័យលាភីរងទី ៣ នៃកម្មវិធីបវរកញ្ញាចក្រវាលកម្ពុជា ឆ្នាំ ២០២០ ហើយនោះ កញ្ញា សួន ពិសី ហាក់ទទួលបានការគាំទ្រ និង មានទីផ្សារកាន់តែច្រើនលើវិថីសិល្បៈ ដោយពេលកន្លងមកនាងបានបោះជំហានឈានចូលការសម្តែងខ្សែភាពយន្តផងដែរ។
លើសពីនោះ កន្លងទៅនេះ កញ្ញា សួន ពិសី ក៏ត្រូវបានតែងតាំងជា Miss Tourism Cambodia 2021 នឹងចូលរួមការប្រកួតសម្រស់បវរកញ្ញាឯក ទេសចរណ៍អន្តរជាតិ Miss Tourism International 2021 តំណាងឱកម្ពុជា នៅថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២១ ខាងមុខនេះហើយ។
ក្នុងការតំណាងឱ្យកម្ពុជាទៅចូលរួមប្រកួតប្រជែងសម្រស់ថ្នាក់អន្តជាតិពីបណ្តាបេក្ខភាពមកពីប្រទេសជាច្រើនក្នុងកម្មវិធី Miss Tourism International 2021 លើកទី ២៤ កញ្ញា សួន ពិសី Miss Tourism Cambodia 2021 ក៏ត្រូវបានមហាជន និង អ្នកគាំទ្រជាច្រើនកំពុងតែមានការចូលរួមជូនពរ និង រំពឹងថា សួន ពិសី នឹងទទួលបានលទ្ធផលល្អពីកម្មវិធីនេះ។
គួរឱ្យដឹងថា កម្មវិធីបវរកញ្ញាឯក ទេសចរណ៍អន្តរជាតិ ឬ Miss Tourism International ជាកម្មវិធីលំដាប់អន្តរជាតិមួយដ៏ល្បីថ្នាក់ពិភពលោក ដែលជារៀងរាល់ឆ្នាំប្រទេសនីមួយៗ តែងតែស្វែងរកបេក្ខភាពមួយរូបដើម្បីបញ្ជូនទៅប្រកួតប្រជែងដណ្ដើមជ័យលាភី មកុដឯកដ៏អស្ចារ្យមួយនេះ ។ ជាក់ស្ដែង ក្នុងនោះកម្ពុជាពេលនេះក៏បានរកឃើញនូវបេក្ខភាពឆ្នើមរបស់ខ្លួនរួចហើយនោះ គឺកញ្ញា សួន ពិសី ដែលនាងជាបវរកញ្ញាមួយរូប ដែលមានទាំងសម្រស់ស្រស់ស្អាត បញ្ញាវាងវៃ សមសួន និង ស័ក្ដិសមក្នុងការចូលរួមកម្មវិធីដ៏ធំមួយនេះ៕