បែបគុំយូរហើយទើប សូ ដានីតា បោះពាក្យម៉ាត់ៗហៅ សឿ សុធារ៉ា ចំឈ្មោះសុទ្ធតែ «មនុស្សពិស»
មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីបានឃើញតារាសម្ដែងស្រី សូដា នីតា បង្ហោះសារនៅថ្ងៃរសៀលថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ ដោយប្រកាសឱ្យ តារាសម្ដែង សឿ សុធារ៉ា ចេញមុខដោះស្រាយជាមួយអ្នកនាងជាបន្ទាន់ បើមិនចង់មានដីកាកោះហៅអញ្ជើញចូលបុស្តិ៍ប៉ូលិស។
ដ្បិតថានៅសុខៗ តារាសម្ដែង សូ ដានីតា ស្រាប់តែប្រកាសក្ដែងៗនៅលើគណនីហ្វេសប៊ុកឱ្យ សឿ សុធារ៉ា ចេញមុខដោះស្រាយបើមិនចង់មានបញ្ហាដល់តុលាការ ប៉ុន្ដែតារាស្រីរូបនេះមិនបានបញ្ជាក់ថាពួកគេទាំងពីរមានរឿងអ្វីកើតឡើងនោះទេ។
សូ ដានីតា បានបង្ហោះថា ៖ «នាងខ្ញុំសូមប្រកាស រកអ្នកនាង សឿ សុធារ៉ា Sapoun Darapemean ចេញមុខរកដោះស្រាយ ជាមួយខ្ញុំជាបន្ទាន់ មុននឹងដីការកោះហៅ ឬ មិនចង់អោយគេទៅអញ្ជើញទៅបុស្តិ៍ប៉ូលីសដល់កន្លែងថត សូមកុំថាខ្ញុំកាច ព្រោះអ្នកនាងជាមនុស្សមិនទទួលខុសត្រូវ ឆាប់ចេញមុខមកជាបន្ទាន់ បើមិនចង់ល្បីមុនថតរឿងថ្មីចប់! ការទ្រាំរបស់មនុស្ស គឺ មានកំណត់អ្នកនាងប្អូន»។
ខណៈរឿងរ៉ាវមិនទាន់ដឹងសខ្មៅផង ស្រាប់តែតារាសម្ដែង សូ ដានីតា បានបោះសម្ដីនៅក្រោមការបង្ហោះរបស់នាងតាមរយៈការខំមិនពេលមានគេខំមិនថា ៖ «មិនខ្ចីតបឆាតយើងបងទាល់តែខ្លាំងតិចបានតប»។ ភ្លាមនោះ សូ ដានីតា បានឆ្លើយតបវិញថា ៖ «ចាអូន មនុស្សពិស ទាល់តែប្រើពិស»៕