ឆន ស្រីណេត ត្រូវថ្នាក់ដឹកនាំសំខាន់ៗស្វាគមន៍យ៉ាងកក់ក្ដៅ ពេលត្រឡប់ទៅស្រុកកំណើតវិញ
កញ្ញា ឆន ស្រីណេត បានវិលត្រឡប់ទៅស្រុកកំណើតវិញហើយ ក្រោយបញ្ចប់បេសកកម្មក្នុងការប្រឡងក្នុងកម្មវិធីប្រកួតសម្រស់ដ៏ធំនៅកម្ពុជា Miss Universe Cambodia 2021 ហើយបើទោះបីជានារីកម្ពុជាក្រោមដ៏ស្រស់ស្អាត និង មានទេពកោសល្យរូបនេះមិនទទួលបានមកុដក៏ពិតមែន ប៉ុន្ដែ ស្រីណេត ទទួលបានតំណែងរងទី ១ ដែលជាជោគជ័យមួយក្នុងការត្រឡប់ទៅប្រទេសវិញ។
រឿងដែលគួរឱ្យរំភើបនោះគឺ ពេលត្រឡប់ទៅដល់កម្ពុជាក្រោមវិញ ឆន ស្រីណេត ទទួលបានការជប់លៀងស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់ថ្នាក់ដឹកនាំសំខាន់ៗ ដែលក្នុងនោះមានទាំងការជូនបាច់ផ្កាជាច្រើនបាច់ដើម្បីលើកទឹកចិត្តនាង ដែលក្លាហាននាំយកទាំងសម្រស់ និង សមត្ថភាពក្នុងនាមជានារីកម្ពុជាក្រោមទៅបង្ហាញផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយ។
ឆន ស្រីណេត រំភើបចិត្តយ៉ាងខ្លាំង និង បានអរគុណដល់ថ្នាក់ដឹកនាំសំខាន់ៗ ព្រមទាំងសហការីទាំងអស់ ជាពិសេសអ្នកគាំទ្ររូបនាងផ្ទាល់ ដែលតែងតែស្រឡាញ់ និង ផ្ដល់កម្លាំងចិត្តដល់រូបនាង៕