តាមពិត មូលហេតុដែលសមាជិក BTS រូបនេះមានឈ្មោះ «J-HOPE» ព្រោះតែមូលហេតុបែបនេះ
បើរំឮកដល់កំពូលក្រុមចម្រៀងបុរស BTS គេមិនដែលភ្លេចទេ នូវសមាជិកពូកែខាងរាំ និងរ៉េបប្រចាំក្រុម ថែមទាំងកំពូលរួសរាយរប៉ិលរប៉ូច កំលោះ J-HOPE ដែលតែងតែបង្កើតសំណើចស្នាមញញឹម និងបរិយាកាសសប្បាយដល់សមាជិកដ៏ទៃ ក៏ដូចជាអ្នកនៅជុំវិញខ្លួននោះ។
យ៉ាងណាមិញ មិនខុសពីសមាជិកដទៃទៀតប៉ុន្មាននោះទេ ឈ្មោះ J-HOPE ជាឈ្មោះក្នុងសិល្បៈនេះ ក៏មានបង្កប់នូវអត្ថន័យគួរឱ្យចាប់អារម្មណ៍ជាច្រើន ដែលមហាជនអ្នកគាំទ្រកំពុងតែរំពៃចង់ដឹងផងដែរ។ តាមព័ត៌មានបានឱ្យដឹងថា តារាប្រុសរូបនេះ មានឈ្មោះដើមពីកំណើត គឺ Jung Ho-seok តែនៅពេលដែលចាប់ផ្តើមបង្ហាញខ្លួនក្នុងក្រុម BTS ម្ចាស់ផលិតកម្ម Big Hit ក៏បានណែនាំឱ្យបង្កើតឈ្មោះហៅក្រៅថ្មី ដើម្បីឱ្យអ្នកគាំទ្រងាយស្រួលហៅ ក៏ដូចជាងាយស្រួលចំណាំ។
លោកបានជ្រើសរើសយកឈ្មោះ «J-HOPE» ព្រោះតែចង់បង្ហាញឱ្យគេឃើញថាលោក គឺជាមនុស្សវិជ្ជមាន និងជាមនុស្សកក់ក្តៅរីករាយ ដែលតែងតែផ្តល់ក្តីសង្ឃឹមដល់អ្នកដទៃ។ លើសពីនេះលោកបានបន្តទៀតថា ឈ្មោះលោកពិតជាមានអត្ថន័យជ្រៅជាងសមាជិកដទៃទៀត ដោយសារលោកបានយកពាក្យ «HOPE» មកពីរឿងនិទាន ប្រអប់ទិព្វ Pandora Box ដែលក្នុងប្រអប់នោះគឺពោរពេញទៅដោយបិសាច ក្នុងទម្រង់ជាភាពឈឺចាប់ ច្រណែនឈ្នានីសព្យាបាទ ភាពស្អប់ខ្ពើម ហើយវាត្រូវបាននារីម្នាក់បើកឱ្យចេញមកក្រៅទាំងអស់ ចុងក្រោយគឺមានតែក្តីសង្ឃឹមប៉ុណ្ណោះដែលនៅសល់ក្នុងប្រអប់នោះ។
ចំណែកអក្សរ «J» គឺលោកបានយកមកពីត្រកូលរបស់ខ្លួន គឺ Jung ហើយលោកមកផ្គុំគ្នាជាមួយ HOPE ទើបបានជាឈ្មោះ J-HOPE ដូចសព្វថ្ងៃនេះឯង។ យ៉ាងណាមិញ លោកពិតជាធ្វើបានដូចឈ្មោះខ្លួនពិតប្រាកដមែន ព្រោះលោកគឺសមាជិកមួយរូប ដែលតែងតែធ្វើឱ្យអ្នកគាំទ្រ និងសមាជិក កក់ក្តៅសប្បាយចិត្តជានិច្ច តាមរយៈកាយវិការ និងពាក្យសម្តីលេងសើច ក៏ដូចជាលើកទឹកចិត្តមិនចេះរីងស្ងួតឡើយ៕