សូដា នីតា ផុងខ្លួនឱ្យ សឿ សុធារ៉ា ខ្ចីលុយដល់ជិត ៤ ម៉ឺនដុល្លារ ព្រោះយកទៅដោះស្រាយរឿងបំណុលតុងទីន
នៅយប់ថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ ក្រោយពី តារាសម្ដែង សូដា នីតា បានប្រកាសឱ្យ សឿ សុធារ៉ា ចេញមុខដោះស្រាយជាមួយអ្នកនាងបន្ទាន់នោះ អ្នកនាង ក៏បានបង្ហោះសារជាថ្មីម្ដងទៀត ដោយបានទម្លាយប្រាប់ឱ្យដឹងថា អ្នកនាង សឿ សុធារ៉ា បានជំពាក់លុយអ្នកនាងជិត ៤ ម៉ឺនដុល្លារ មិនព្រមចេញដោះស្រាយ មិនលើកទូស័ព្ទ មិនតបសារអ្វីទាំងអស់។
ជាមួយគ្នានោះដែរ សូដា នីតា បានរៀបរាប់បញ្ជាក់ឱ្យដឹងថា លុយដែល សឿ សុធារ៉ា ជំពាក់នាងនេះ គឺនៅពេលដែលផ្ទុះរឿងជំពាក់លុយតុងទីនគេ ខណៈដែលកូនតុងទីនបង្ហោះសារប្រកាសទារលុយក្ដែងៗតាមបណ្ដាញសង្គមហ្វេសប៊ុកនាពេលកន្លងមកថ្មីៗនេះ អ្នកនាង សឿ សុធារ៉ា ក៏បានសុំឱ្យ អ្នកនាងជួយសងបំណុលទុងទីន ដោយ អ្នកនាង សឿ សុធារ៉ា បានខ្ចីលុយជាបន្តបន្ទាប់រហូតជិត ៤ ម៉ឺនដុល្លារ។
តាមអត្ថន័យក្នុងសាររបស់ សូដា នីតា បានរៀបរាប់ថា៖ «ពេលដែលធារ៉ារឿងជំពាក់តុងទិន ( គេផុសផ្អើសហ្វេសប៊ុក បងប្អូនក៏ដឹង ) ធារ៉ា នាងតេមកខ្ញុំ ១ ថ្ងៃមិនតិចដងទេ ដើម្បីឱ្យខ្ញុំជួយ ដើម្បីយកលុយទៅឱ្យកូនបំណុលតុងទីនរបស់គាត់ ( ធារ៉ា ) កុំឱ្យគេផុសពីគាត់ទៀត ខ្ញុំក៏ព្រមជួយឱ្យខ្ចីលុយ បន្តបន្ទាប់រហូតលុយជិត 4 ម៉ឺន$ ដល់ពេលកេរ្តិ៍ឈ្មោះល្អវិញហើយ (ឆាតមិនតប មើលមិនឆ្លើយ និយាយខ្លី គឺ មើលងាយខ្ញុំ)»៕