តារាចម្រៀងស្រី សុន ស្រីពេជ្រ ប្រកាសលក់ផ្ទះបន្ទាន់ ក្រោយជាប់បំណុលជាង ១០ ម៉ឺនដុល្លារ ព្រោះព្យាបាលជំងឺប្អូន
នៅថ្ងៃទី ០៣ ខែតុលា ឆ្នាំ ២០២១ នេះ តារាចម្រៀង សុន ស្រីពេជ្រ បានធ្វើការបង្ហោះសារអំពាវនាវដល់សប្បុរសជនឱ្យជួយដល់ក្រុមគ្រួសាររបស់អ្នកនាង ដែលពេលនេះ គ្រួសាររបស់អ្នកនាង កំពុងត្រូវការលក់ផ្ទះចំនួន ២ ល្វែង ដើម្បីយកលុយសងបំណុលធនាគារ ព្រោះជាប់បំណុលដោយសារតែចំណាយលុយព្យាបាលប្អូនមានជំងឺមហារីកកន្លងមក។
បើតាមការបង្ហោះសាររបស់ តារាចម្រៀងស្រីរូបនេះ បានរៀបរាប់ថា៖ « នាងខ្ញុំសូមអំពាវនាវដល់ឯកឧត្តម លោកឧកញ៉ា លោកជំទាវ ដែលមានទឹកចិត្តសប្បុរស សូមមេត្តាជួយដល់គ្រួសារនាងខ្ញុំផង នាងខ្ញុំត្រូវការលក់ផ្ទះ 2 ល្វែង ដែលមានទីតាំងនៅសំរោងអណ្តែត ជិតផ្សារឈូកមាស ដោយនាងខ្ញុំត្រូវការលុយសងបំណុលធនាគារ ដែលខ្ញុំជំពាក់ព្រោះយកលុយមកព្យាបាលប្អូនមានជំងឺមហារីក កូវីដជាង 2 ឆ្នាំនេះ ការទៅជាដើម ដើមទៅជាការហើយ នាងខ្ញុំពុំមានលទ្ធភាពទៀតឡើយ»។
ជាមួយគ្នានោះ យោងតាមការបង្ហោះលើបណ្ដាញសង្គម សិល្បករកម្ពុជា បន្ថែមឱ្យដឹងកាន់តែច្បាស់ទៀតថា ដោយសារតែជាប់បំណុលគេច្រើនពេក គឺជាង ១០ ម៉ឺនដុល្លារឯណ្ណោះ ក្រុមគ្រួសាររបស់ តារាចម្រៀងស្រី សុន ស្រីពេជ្រ ដែលមាន លោកតាសង់ស៊ីស អ្នកនាង កាឆយ និងលោក សង់ សេត ដាច់ចិត្តលើកដៃសំពះទាំងទឹកភ្នែក សូមឱ្យបងប្អូនសប្បុរសជនជួយទិញផ្ទះរបស់ពួកគាត់ចំនួន ២ ល្វែងជាប់គ្នា មាន ៩ បន្ទប់ លក់ក្នុងតម្លៃ ២២ ម៉ឺនដុល្លារ។
ក្នុងនោះបានបញ្ជាក់ឱ្យដឹងទៀតថា បំណុលនេះ គឺដោយសារតែមួយរយៈកន្លងទៅនេះ គ្រួសាររបស់ តារាស្រីរូបនេះ បានខ្ចីគេទៅព្យាបាលជំងឺប្អូន ដែលមានជំងឺមហារីកនេះ នៅឯប្រទេសវៀតណាមផង ប្រទេសថៃផង និងនៅស្រុកខ្មែរផង៕