កម្សត់ណាស់! ធ្លាប់តែធ្វើឱ្យគេសើចតែ ពូណុយ យំគគ្រូកទម្លាយថា ជីវិតពិតក្រោយការសម្តែងគ្មានអ្នកដឹងឡើយ
អ្នកលេងបណ្ដាញសង្គម ទាំងហ្វេសប៊ុក និង TikTok ច្បាស់ជាបានស្គាល់ហើយ ពូណុយ ដែលជាតារាកំប្លែងស្ងួត កំពុងតែទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងពីបណ្ដាអ្នកលេងបណ្ដាញសង្គមជាច្រើន ស្រឡាញ់ចូលចិត្តរូបលោក តាមរយៈការធ្វើវីដេអូខ្លីៗបែបកំប្លុកកំប្លែងរបស់លោក ដោយតែងធ្វើឱ្យមហាជនបានទស្សនាហើយ ផ្ទុះសំណើចសើចសប្បាយគ្រប់គ្នា។
យ៉ាងណាមិញជាមួយនឹងភាពល្បីល្បាញដោយសារទេពកោសល្យនៃការសម្ដែងកំប្លែងស្ងួតរបស់លោក ដែលធ្វើឱ្យរូបលោក កំពុងតែក្ដោបបានការងារជាច្រើន ដែលលេចមុខចូលរួមកម្មវិធីផ្សេងៗលើកញ្ចក់ទូរទស្សន៍ ក៏ដូចជាថតវីដេអូផ្សព្វផ្សាយឱ្យផលិតផលក្នុងស្រុកជាច្រើនផងដែរ។
ដោយឡែកអ្វីដែលកាន់តែចាប់អារម្មណ៍ទៀតនោះ ដោយធ្លាប់តែបានឃើញ តារាហ្វេសប៊ុករូបនេះ ធ្វើឱ្យមហាជនអ្នកគាំទ្រលើបណ្ដាញសង្គមសើចសប្បាយគ្រប់គ្នា ប៉ុន្តែថ្មីៗកន្លងទៅនេះ ពូណុយ បានទម្លាយនូវរឿងរ៉ាវឯកជនរបស់លោក ក្នុងកិច្ចសម្ភាសន៍ មួយនាពេលកន្លងមក ដោយលោកបានរៀបរាប់ទាំងយំគគ្រូក ប្រាប់ពីជីវិតឯកជននៅពីក្រោយនៃការសម្ដែងបែបកំប្លែងទាំងនេះ ដែលមានរឿងធ្វើឱ្យលោករំជួលចិត្តខ្លាំង គឺទាក់ទងនឹងជីវិតគ្រួសារ ដែលលោក បង្ហាញពីអារម្មណ៍អាណិតដល់ឪពុកម្ដាយរបស់លោក ដែលកំពុងតែរស់នៅក្នុងជីវិតមួយដ៏លំបាកខ្លាំង។
ក្នុងនោះ ពូណុយ បានរៀបរាប់ថា៖ «សព្វថ្ងៃខ្ញុំមិនសូវពិបាកប៉ុន្មានទេ តែឪពុកម្ដាយខ្ញុំពិបាក ខ្ញុំធ្វើឱ្យគេសប្បាយបាន ប៉ុន្តែជីវិតក្រោយខ្នងនៃការសម្ដែងរបស់ខ្ញុំគឺផ្សេង ប៉ុន្តែឪពុកម្តាយខ្ញុំគាត់លើកទឹកចិត្ត គាត់ថាកូនឯងធ្វើឱ្យគេសប្បាយបាន កូនឯងធ្វើទៅជាតិក្រោយកុំឱ្យកូនឯងជួបរឿងចឹងៗច្រើនទៀត។ ឪពុកម្តាយខ្ញុំឱ្យតែឃើញខ្ញុំឡើងទូរទស្សន៍ចឹង គាត់ចាំមើលខ្ញុំអត់ហូបបាយទេ គាត់ចង់ឃើញខ្ញុំជោគជ័យ ខ្ញុំអាណិតគាត់ ឪពុកម្តាយខ្ញុំមានកូន ៧ នាក់ ខ្ញុំកូនពៅ ភាគច្រើនគាត់ពិបាកដោយសារកូន រាល់ថ្ងៃម្ដាយខ្ញុំតាមមើលថែបងប្រុសខ្ញុំគាត់ឈឺរាំរៃ ៣ ឆ្នាំហើយ ហើយគាត់តែងតែលើកទឹកចិត្តខ្ញុំថា បើកូនធ្វើឱ្យគេសប្បាយបានកូនធ្វើទៅបានបុណ្យ»៕