បែកពី Angelina ជាង ៥ ឆ្នាំហើយ Brad Pitt មិនព្រមលូករឿងល្បែងស្នេហ៍ថ្មី ព្រោះហេតុផលមួយនេះ
នៅឆ្នាំ ២០១៦ មហាជនអ្នកគាំទ្របានតក់ស្លុតភ្ញាក់ផ្អើលមិនតិចនោះទេ ព្រោះគូស្វាមីល្បីប្រចាំហូលីវូដ តារាស្រី និង Brad Pitt បានប្រកាសលែងលះបញ្ចប់ចំណងស្នេហ៍រួមគ្នាជាង ១២ ឆ្នាំ យ៉ាងមិនសោកស្តាយ ដោយសារតែពួកគេមានចម្រូងចម្រាសក្នុងគ្រួសារជាច្រើន ជាពិសេស Angelina បានអះអាងថា នាងបានសម្រេចធ្វើបែបនេះ គឺដើម្បីកូនៗប្រុសស្រីទាំង ៦ នាក់។
តាំងពីប្រកាសលែងលះជាផ្លូវការ គេឃើញថា អតីតស្វាមីភរិយាទាំងគូនេះ ហាក់មិនសូវបានស្ងប់សុខរៀងខ្លួននោះទេ ព្រោះបានបន្តចម្រូងចម្រាសគ្នាទៀតលើការទាមទារសិទ្ធិអាណាព្យាបាលលើកូនៗនោះ។ យ៉ាងណាមិញ ចំពោះរឿងស្នេហាវិញ ថ្មីៗនេះ តារាស្រី Angelina Jolie កំពុងផ្ទុះចចាមអារ៉ាមសំងំសាងស្នេហ៍ថ្មីព្យាបាលបេះដូងជាមួយនឹងតារាប្រុស The Weeknd ព្រោះគេតែងតែឃើញអ្នកទាំងពីរណាត់បណ្តើរគ្នា និង ញ៉ាំអាហារជាញយៗ ប៉ុន្តែនៅមិនទាន់មានការបញ្ជាក់ច្បាស់លាស់នៅឡើយទេពីទំនាក់ទំនងនោះ។
ចំណែក ចំពោះតារាប្រុស Brad Pitt វិញ ចំពោះរឿងរ៉ាវបេះដូង គឺស្ងាត់ឈឹងល្ហលេ្ហវតែម្តង ព្រោះតាំងពីបានបញ្ចប់គ្នាជាមួយអតីតភរិយាមក គេមិនដែលឃើញលោកលេចឮព័ត៌មានស្នេហាណាមួយឡើយ។
ជាមួយគ្នានេះ លោកក៏បានទម្លាយពីមូលហេតុដែលមិនព្រមបើកចិត្តបើកបេះដូងទទួលស្នេហ៍ថ្មីដូច្នេះដែរថា លោកកំពុងតែព្យាយាមរស់នៅជាមនុស្សវិជ្ជមានតាមដែលអាចធ្វើបាននៅពេលនេះ ហើយលោកក៏កំពុងតែព្យាយាមផ្តោតលើការថែរក្សាខ្លួនឯងផងដែរ ជាហេតុធ្វើឱ្យសូវខ្វល់អើពើរឿងទាក់ទងស្នេហាជាមួយនរណានោះទេ ម៉្យាងលោកក៏មិនទាន់បានត្រៀមខ្លួនរួចដែរចំពោះរឿងនោះ ជាពិសេស មិនប្រាកដថាពេលណានឹងត្រៀមខ្លួនហើយនោះទៀត។
យ៉ាងណាមិញ អ្នកគាំទ្រមួយចំនួនក៏បានលើកទឹកចិត្តតារាប្រុសរូបនេះជាពាក្យពេចន៍មានន័យផ្សេងៗ ហើយនឹកដែរថា លោកប្រាកដជាត្រូវការពេលវេលាសម្រាប់ខ្លួនឯងច្រើនជាងទៀត ទើបមិនទាន់ហ៊ានប្រឡូកស្នេហ៍ថ្មីដូច្នេះ៕