កុំចេះតែហ៊ាន! Yang Mi និង Zhao Liying ដាក់ពាក្យប្តឹងក្រុមហ៊ុនចំនួន ៤០ ទារជំងឺចិត្ត ព្រោះហេតុផលនេះ
កាលពីថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០២១ បើតាមការចុះផ្សាយរបស់ Sina បានឱ្យដឹងថា តុលាការក្រុងប៉េកាំងបានចេញសេចក្តីសម្រេចក្នុងសំណុំរឿង Yang Mi និង Zhao Liying ប្តឹងក្រុមហ៊ុននានាពីបទប្រើប្រាស់រូបភាពខុសច្បាប់។ ហើយតារាស្រីទាំង ២ រូបនេះគឺបានឈ្នះក្តីក្នុងនេះរឿងនៅតុលាការ។
បន្ទាប់ពីការកាត់ក្តី ជនជាប់ចោទដែលជាក្រុមហ៊ុនចំនួន ២ ត្រូវសុំទោសជាសាធារណៈ និង ផ្តល់សំណងដល់ Yang Mi ចំនួន ៨,០០០ ដុល្លារក្នុងរយៈពេល ៧ ថ្ងៃ។
ទន្ទឹមនឹងនោះដែរ ក្រុមហ៊ុន Shanghai Tay Son Cosmetics Co., Ltd. បានបដិសេធចំពោះការប្តឹងឧទ្ធរណ៍នៅក្នុងបណ្តឹងប្រឆាំងនឹង Zhao Liying។ ដោយក្នុងនោះ តុលាការបានតម្កល់សាលក្រមដែលចុងចោទត្រូវសងជំងឺចិត្តឱ្យតារាស្រីរូបនេះ ជាង ៧ ម៉ឺនដុល្លារក្នុងរយៈពេល ១០ ថ្ងៃ។ ជាមួយគ្នានោះ ក្រុមហ៊ុននេះ ត្រូវចេញមុខសុំទោសជាសាធារណៈ ហើយប្រមូលផលិតផលទាំងអស់ដែលលក់ក្រោមឈ្មោះ Zhao Liying ក្នុងទីផ្សារ។
បើតាមការឱ្យដឹងនាពេលកន្លងមក មានតារាល្បីៗជាច្រើន ត្រូវបានម៉ាកយីហោតូចៗយករូបភាពទៅប្រើប្រាស់ដោយខុសច្បាប់ សម្រាប់គោលបំណងផ្សាយពាណិជ្ជកម្ម ឬ បោកប្រាស់ទំនុកចិត្ត។ ដូច្នេះហើយ ទើបតារាសិល្បៈ បានដាក់ពាក្យប្តឹងទៅតុលាការ ដើម្បីការពាររូបភាពរបស់ខ្លួន ទន្ទឹមនឹងនោះក៏ជម្រាបដល់អ្នកគាំទ្រឱ្យបង្កើនការប្រុងប្រយ័ត្ន ចៀសវាងការចាញ់បោក ចំណេញ ឬ ទិញផលិតផលគ្មានគុណភាពនាំឱ្យប៉ះពាល់ដល់សុខភាព។
គួរបញ្ជាក់ផងដែរថា Yang Mi និង Zhao Liying បានប្តឹងក្រុមហ៊ុន និង ម៉ាកយីហោ ចំនួន ៤០ ដែលប្រើប្រាស់រូបភាពរបស់ពួកគេដោយខុសច្បាប់ ដើម្បីបញ្ឆោតអ្នកប្រើប្រាស់៕