យ៉ូយ! ជះលុយជាង ៣ ម៉ឺនដុល្លារ ដាក់រូបខ្លួនឯងលើផ្ទាំងប៉ាណូ សុំណាត់ Jennie ញុំាបាយល្ងាច
ស្រីស្រស់តូចច្រឡឹង Jennie ជាសមាជិកក្រុមចម្រៀងនារី តែងតែធ្វើឱ្យមហាជនអ្នកគាំទ្ររំជើបរំជួលអារម្មណ៍ ហាមបេះដូងមិនបាន លួចស្រឡាញ់រូបនាងជារឿយៗ តាមរយៈទឹកមុខសម្តីសម្តៅ និងកាយវិការដ៏សែនទាក់ទាញរបស់នាង។
យ៉ាងណាមិញ មិនខុសប៉ុន្មានពីអ្នកគាំទ្រទូទៅដែលលង់ស្នេហ៍ បាក់ស្រឹបពិបាកងើបនោះ ទើបហ្វេនផ្កាប់មុខម្នាក់ ទ្រាំមិនបានដាច់ចិត្តហ៊ានសុំណាត់តារាសំណព្វចេញទៅក្រៅតែម្តង តាមរយៈការប្រើវិធីមិននឹកស្មាន ដោយថែមទាំងចំណាយអស់លុយជាច្រើនថ្នាក់នេះថែមទៀតផង។
ថ្មីៗនេះ មានអ្នកគាំទ្រប្រុសម្នាក់ឈ្មោះ Christian albert Gaza ជាអ្នកជំនួញល្បីជនជាតិហ្វីលីពីន បានធ្វើឱ្យមានការផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងនៅតាមបណ្តាញសង្គម បន្ទាប់ពីបុរសរូបនេះចំណាយលុយអស់ជាង ៣០ ០០០ ដុល្លារឯណោះ ជួលគេលើកផ្ទាំងប៉ាណូធំៗចំនួនពីរ ដើម្បីសរសេរពាក្យស្នើសុំណាត់ តារាស្រី Jennie ចេញក្រៅ ញុំាអាហារពេលល្ងាច។
ផ្ទាំងប៉ាណូនោះ ត្រូវបានគេប្រទះឃើញនៅក្នុងទីក្រុងសេអ៊ូល ក្បែរអគារក្រុមហ៊ុនផលិតកម្ម YG ថែមទៀតផង។ ហើយលើសពីនេះទៅទៀត ក្នុងផ្ទាំងនោះដែរ បានបង្ហាញរូបភាពបុរសរូបនោះផ្ទាល់ ដោយអមជាមួយនឹងពាក្យជាភាសាអង់គ្លេស និងភាសាកូរ៉េ ដោយសរសេរថា Kim Jennie Ruby Jane «ខ្ញុំពិតជាស្រឡាញ់អ្នកខ្លាំងណាស់ តើអ្នកអាចទៅញ៉ាំអាហារពេលល្ងាចជាមួយខ្ញុំបានទេ? តើអ្នកអាចធ្វើឱ្យខ្ញុំក្លាយជាបុរសដែលមានក្តីសុខបំផុតបានទេ?» ។
យ៉ាងណាមិញ បន្ទាប់ពីបុរសរូបនេះហ៊ានធ្វើសកម្មភាពទាំងនេះហើយ ហាក់ធ្វើឱ្យអ្នកគាំទ្រដទៃទៀតមិនសូវជាពេញចិត្តប៉ុន្មាននោះទេ ព្រោះបុរសម្នាក់នេះ ធ្លាប់មានជាប់រឿងអាស្រូវបោកប្រាស់លុយកាក់អ្នកដទៃ។ ហើយម៉្យាងទៀត ជារឿយៗ គេតែងតែឃើញបុរសរូបនេះ សុំណាត់នារីៗចេញទៅក្រៅ តាមវិធីបែនេះ មិនសូវដាច់ឡើយ៕