មានកូនមួយហើយ អ្នកម៉ាក់ហាយសូរ អែនជី ចង់សុំប្តីទៅដាក់ពាក្យប្រឡងបវរកញ្ញា
តារាចម្រៀងស្រីរូបស្រស់ធ្លាប់ទទួលបានការគាំទ្រភ្លូកទឹកភ្លូកដីពីសំណាក់ទស្សនិកជន អែនជី បានឃ្លាតឆ្ងាយពីវិស័យសិល្បៈច្រើនឆ្នាំមកហើយ ដោយនាងបានរៀបការកសាងគ្រួសារមួយយ៉ាងកក់ក្ដៅ ព្រមទាំងបង្កើតបានកូនប្រុសដ៏ឆ្លាត និង គួរឱ្យស្រឡាញ់ម្នាក់ជាចំណងដៃអាពាហ៍ពិពាហ៍។
ងាកចេញពីសិល្បៈច្រើនឆ្នាំមកនេះ ស្រីស្អាត អែនជី ហាក់មមាញឹកខ្លាំងនឹងមុខជំនួញផ្ទាល់ខ្លួនរហូតមានឈ្មោះជាថៅកែស្រីវ័យក្មេងទៀតផង ហើយបើក្រឡេកទៅមើលការរស់នៅប្រចាំថ្ងៃរបស់ម្ចាស់បទ «កុំទាន់បែកចិត្តពីអូន» រូបនេះ ពិតជាស៊ីវិល័យហាយសូរស្ដុកស្ដម្ភខ្លាំងណាស់ ចំណែកឯរូបសម្រស់វិញ អែនជី នៅតែរក្សារាងអក្សរ S របស់នាងដដែល ទោះបីជាមានកូនរួចហើយក៏ដោយ។
ដ្បិតថាផ្អឹបចោលវិស័យចម្រៀងច្រើនឆ្នាំ ប៉ុន្ដែអ្នកម៉ាក់សម័យថ្មី អែនជី ហាក់មិនទាន់អស់អាល័យនឹងសិល្បៈនៅឡើយ ដោយថ្មីៗនេះនាងបានថតរូបបង្ហោះជាមួយម្ចាស់មកុដ Miss Universe Cambodia 2018 កញ្ញា រឿន ណាត ជាមួយនឹងការតុបតែងខ្លួនបែបបវរកញ្ញា ហើយក្នុងនោះ អែនជី ថែមទាំងបង្ហើបចង់ដាក់ពាក្យប្រឡងប្រជែងបវរកញ្ញាទៀតផង។
អែនជី បង្ហោះរូបថតជាមួយកញ្ញា រឿន ណាត ហើយរៀបរាប់យ៉ាងខ្លីថា «គិតថាសុំប៉ា Eden ទៅប្រឡង Miss ហ្នឹងគេសិន»។ ទោះបីជាការលើកឡើងរបស់ អែនជី អាចនឹងនិយាយក្នុងន័យលេងសើចក៏ពិតមែន ប៉ុន្ដែមានអ្នកគាំទ្រជាច្រើនចង់ឱ្យនាងត្រឡប់មកប្រឡូកសិល្បៈឡើងវិញ ព្រោះពួកគេនឹកសំឡេងរបស់នាង៕