អៀង ចេនឡា បោះសំណួរសួរមហាជនចំៗ ក្រោយ ចន ច័ន្ទលក្ខិណា បង្ហោះសារឆ្លើយតបលោកបែបនេះ
ថ្មីៗនេះ អ្នកលេងបណ្ដាញសង្គមហាក់មានការចាប់អារម្មណ៍ និង ភ្ញាក់ផ្អើលខ្លាំង ក្រោយពីបានឃើញលើបណ្ដាញសង្គមរបស់ប្រធានសមាគមអ្នកសិល្បៈ អ្នកនាង ចន ច័ន្ទលក្ខិណា សុខៗក៏បង្ហោះសារមួយ ហាក់បង្ហាញពីអារម្មណ៍ខឹងសម្បារឆ្លើយតបទាក់ទិននឹងរឿងរ៉ាវលើបណ្ដាញសង្គមប៉ុន្មានថ្ងៃនេះ។
ម្យ៉ាងវិញទៀត សារនេះដែរ មហាជនឃើញថា អ្នកនាង ចន ច័ន្ទលក្ខិណា ធ្វើការបង្ហោះស្របពេលដែលឃើញមាន អ្នកសិល្បៈមួយរូប គឺ លោក អៀង ចេនឡា ពោលតូចចិត្តក្នុងនាមជាសិល្បៈមួយរូប ខណៈដែលរូបលោកឈឺជាច្រើនខែ តែមិនមានឃើញសមាគមខាងណាអើពើ ព្រមទាំងលោកបានបង្ហោះសារបោះពាក្យសម្ដីខ្លាំងៗលើបណ្ដាញសង្គមបន្តបន្ទាប់នោះ។
ទន្ទឹមនឹងនោះជុំវិញនឹងការបង្ហោះរបស់ តារាស្រីរូបនេះ ធ្វើឱ្យមហាជនលើបណ្ដាញសង្គម និង អ្នកគាំទ្រវិស័យសិល្បៈជាច្រើន ធ្វើការបញ្ចេញមតិភាគច្រើនគិតថា អ្នកនាង អាចនឹងកំពុងតែឆ្លើយតបទៅកាន់ការបង្ហោះរបស់តារាប្រុស អៀង ចេនឡា ផងដែរ។
ដោយឡែក បន្ទាប់ពីផ្ទុះការចែករំលែកសាររបស់ អ្នកនាង ចន ច័ន្ទលក្ខិណា ពោលពាក្យទាំងនេះ ពេញបណ្ដាញសង្គម ព្រមទាំងឃើញមានព័ត៌មានក្នុងស្រុកចុះផ្សាយជាច្រើននោះ លោក អៀង ចេនឡា ក៏បានធ្វើការស៊ែរបន្ត រួចចោទជាសំណួរទៅកាន់មហាជនថា៖ «សូមបងប្អូនជួយពិចារណា តើប្រតិកម្មរបស់ប្រធានសមាគម ឆ្លើយតបមកខ្ញុំវិញ តើសមទេ???»។ ជាមួយគ្នានោះ មហាជនអ្នកគាំទ្រជាច្រើន ក៏កំពុងតែធ្វើការបញ្ចេញវែកញែករៀងៗខ្លួនទាក់ទិននឹងរឿងរ៉ាវនេះផងដែរ៕