(វីដេអូ) ទម្លាយខ្លះៗពីសាច់រឿង «Wedding 93» របស់ខ្មែរដ៏ព្រឺព្រួច កំពុងផ្ទុះល្បីក្រោយចេញ Trailer
ថ្មីៗនេះ អ្នកលេងតាមបណ្ដាញសង្គមហ្វេសប៊ុកនៅប្រទេសកម្ពុជា កំពុងផ្ទុះការចាប់អារម្មណ៍ និង ចែកចាយបន្តនៅវីដេអូខ្លី (Trailer) នៃខ្សែភាពយន្តបែបព្រឺព្រួចរបស់ខ្មែរមួយ ដែលមានចំណងជើងថា «Wedding 93»។
ខ្សែភាពយន្ត «Wedding 93» គឺជាភាពយន្តបែបឯកសារដ៏រន្ធត់ព្រឺព្រួចមួយ រៀបរាប់ពីព្រឹត្តិការណ៍នៃអាពាហ៍ពិពាហ៍នៅទីជនបទមួយក្នុងប្រទេសកម្ពុជានាអំឡុងឆ្នាំ ១៩៩៣។ អាពាហ៍ពិពាហ៍នោះគឺជារបស់កូនកំលោះឈ្មោះ បុល និង កូនក្រមុំមានឈ្មោះហៅថា រ៉ា ដែលកំពុងធ្វើពិធីសុខៗ ស្រាប់តែកូនក្រមុំបញ្ចេញអាកប្បកិរិយាចម្លែក ដែលត្រូវបានគេនិយាយតៗគ្នាថា នាងត្រូវបានព្រលឹងចូលសណ្ឋិត។
ព្រលឹងដែលជឿថាបានចូលខ្លួនកូនក្រមុំនោះ គឺបានធ្វើឱ្យនាងប្រកាច់ពេលកំពុងអង្គុយសំពះផ្ទឹម ហើយក៏បានរត់ចេញចោលរោងការ ទៅឡើងអង្រួនលើដើមឈើធំមួយ មុនឈរសម្លឹងសម្លក់មកក្រោមជាមួយកែវភ្នែកគួរឱ្យខ្លាចជាទីបំផុត។ គ្រប់គ្នាទាំងក្រុមគ្រួសារខាងកូនកំលោះ និងគ្រួសារខាងកូនក្រមុំ បាននាំគ្នាព្យាយាមចាប់នាងត្រឡប់មកវិញ ប៉ុន្តែហេតុការណ៍បន្ទាប់មិនដឹងជាចាប់បានឬក៏យ៉ាងណានោះឡើយ។
គួរបញ្ជាក់ថា ខ្សែភាពយន្ត «Wedding 93» ជាភាពយន្តឯកសារពិតៗ ដែលផលិតករម្នាក់ឈ្មោះ Paul Zagaris បានទិញយកវីដេអូនេះទៅរៀបចំកាត់តឱ្យចេញជាវីដេអូរឿងពេញមួយដែលមានរយៈពេល ១ ម៉ោង ១១ នាទី។ ក្នុងនោះដែរ លោកក៏បានដាក់ស្នើរឿងមួយនេះទៅកម្មវិធីប្រកួត Film Festival ហើយបើសិនជាខាងក្រុមហ៊ុន Netflix ឬខាងក្រុមហ៊ុនណាមួយទិញយកទៅចាក់បញ្ចាំងនោះ ប្រិយមិត្តគ្រប់គ្នាក៏អាចនឹងមានឱកាសបានទស្សនាវីដេអូពេញផងដែរ៕
ប្រភព៖ Nan Xy