មិនធម្មតា! ឆ្នាំ ២០២១ នេះ ម្ចាស់មកុដបវរកញ្ញា ៤ រូប សុទ្ធតែជាអ្នកមកពីខេត្តបាត់ដំបង
វិស័យកញ្ញាឯកនៅកម្ពុជាក្នុងឆ្នាំ២០២១ នេះ តាមកម្មវិធីប្រកួតនីមួយៗ បានធ្វើការប្រកួត និងស្វែងរកឃើញនូវម្ចាស់មកុដប្រចាំកម្មវិធីជាបន្តបន្ទាប់ហើយ ដែលសុទ្ធតែជានារីខ្មែរដែលមានសមត្ថភាព ភាពជឿជាក់មុះមាត់ រូបសម្រស់ដ៏ស្រស់សោភា និងភាពលេចធ្លោរៀងៗខ្លួន។
ដោយឡែកអ្វីដែលចាប់អារម្មណ៍ខ្លាំងទៀតនោះ ក្នុងឆ្នាំនេះ គេកត់សម្គាល់ឃើញថាម្ចាស់ជ័យលាភីកញ្ញាឯក ៤ កម្មវិធីធំៗក្នុងប្រទេស សុទ្ធសឹងតែចេញពីខេត្តបាត់ដំបង និង តំណាងឱ្យខេត្តបាត់ដំបងទាំងអស់ ដែលធ្វើឱ្យបងប្អូនអ្នកខេត្តបាត់ដំបងមានមោទកភាពមិនស្ទើរនោះទេ។ ដោយបវរកញ្ញាទាំង ៤ រូបនេះរួមមាន៖
១. កញ្ញា ហុក សារិតុលា Miss Wisdom Cambodia ២០២១
បវរកញ្ញារូបស្រស់ ហុក សារិតុលា មានអាយុ ១៩ ឆ្នាំ មានទីកន្លែងកំណើតនៅ ភូមិរំចេក ៤ ឃុំរតនៈ ស្រុកបាត់ដំបង ខេត្តបាត់ដំបង មានកម្ពស់ ១៧០ សង់ទីម៉ែត្រ ទំហំទាំងបី ៣៤, ២៤, ៣៥ ដែលបានគ្រងមកុដនៅថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២១ និង តំណាងឱ្យកម្ពុជាទៅប្រកួតក្នុងកម្មវិធី Miss Wisdom World នៅប្រទេសវៀតណាម។
២. កញ្ញា ប៉ូគឹមថេង សុតធីតា Miss Grand Cambodia ២០២១
សម្រាប់បវរកញ្ញារូបនេះ មានអាយុ ២៣ ឆ្នាំ កម្ពស់ ១៧៥ សង់ទីម៉ែត្រ ទំហំទឹងបី ៤០, ២៤, ៤០ ទីកន្លែងកំណើតរាជធានីភ្នំពេញ ជាបេក្ខភាពតំណាងឱ្យខេត្តបាត់ដំបង ដោយបានគ្រងមកុដនៅថ្ងៃទី ០៩ ខែតុលា ឆ្នាំ ២០២១ និង តំណាងឱ្យកម្ពុជាទៅប្រកួតកម្មវិធី Miss Grand International នៅខេត្តភូកេត ប្រទេសថៃ នាខែធ្នូ។
៣. កញ្ញា ជា ចាន់រ៉ានី Miss Cambodia ២០២១
ទើបតែគ្រងមកុដកាលពីរាត្រីថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០២១ កញ្ញា ជា ចាន់រ៉ានី មានអាយុ ២៦ ឆ្នាំកម្ពស់ ១៦៥ សង់ទីម៉ែត្រ ទំហំទាំងបី ៣២, ២៦, ៣៤ មានទីកន្លែងកំណើត ខេត្តបាត់ដំបង ត្រៀមតំណាងឱ្យកម្ពុជាចូលរួមប្រកួត Miss International ខាងមុខនេះ។
៤. កញ្ញា ម៉ៅ រស្មី ជាម្ចាស់មកុដ Miss Tourism Cambodia 2021
ចំពោះបវរកញ្ញារូបនេះ ក៏មានស្រុកកំណើតនៅឯខេត្តបាត់ដំបងផងដែរ ដោយកញ្ញាបានគ្រង់មកុដ Miss Tourism Cambodia 2021 នៅរាត្រីថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០២១ ក្នុងកម្មវិធីប្រកួត Miss Cambodia។ ដោយកញ្ញា ម៉ៅ រស្មី មានវ័យ ២១ ឆ្នាំ មានកម្ពស់ ១៦៥ សង់ទីម៉ែត្រ ទម្ងន់ ៤៥ គីឡូ និងទំហំដងខ្លួនទាំងបី ៣២,២៦,៣៤ ហើយកញ្ញា នឹងត្រៀមខ្លួនចូលរួមប្រកួតលើឆាកអន្តរជាតិនៅឆ្នាំក្រោយនេះផងដែរ៕