ក្រោយផ្ទុះរឿងដូចភាគឥណ្ឌា អៀន ចេនឡា ផុសសារមួយជូនមហាជន បន្ទាប់ពីបន្តគ្នាធ្វើបែបនេះឱ្យខ្លួន
កន្លងមកមហាជននិយមតានដានជីវិតទូទៅរបស់សិល្បករ-ការិនី នៅក្នុងវិថីសិល្បៈប្រាកដជាបានជ្រាបមកហើយពីរឿងរ៉ាវរបស់តារាប្រុសលោក អៀន ចេនឡា ក្រោយឃើញលោកធ្លាក់ខ្លួនឈឺធ្ងន់ ដោយមានបញ្ហាសួតធ្ងន់ធ្ងរត្រូវសម្រាកព្យាបាលមន្ទីរជាច្រើនថ្ងៃ រហូតធ្វើឱ្យលោកមានសភាពស្គមស្គាំងខ្លាំង។
ក្នុងនោះដែរ ក្រោយពីបានសម្រាកព្យាបាលជំងឺរួចហើយនោះ ស្ថានភាពសុខភាពរបស់លោកកាន់តែធ្វើឱ្យកាន់តែស្រកគីឡូខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ រហូតធ្វើឱ្យមហាជនលាន់មាត់មិននឹកស្មានលោកស្គមស្គាំងយ៉ាងនេះសោះ។ បើទោះជាកំពុងជួបបញ្ហាសុខភាព លោក អៀន ចេនឡា ក៏នៅតែបន្តការងារសិល្បៈដូចដើម ដើម្បីរកចំណូលផ្គត់ផ្គង់ជីវភាព និង មើលថែជំងឺបន្តទៀត។
ដោយឡែក ថ្មីៗនេះតារាប្រុសពហុជំនាញរូបនេះបានត្អូយត្អែរពីការអាក់អន់ចិត្តរបស់ខ្លួន ដោយលោកលើកឡើងថា ៖ «ខ្ញុំមិនមែនជាអ្នកសិល្បៈ ឬ ជាតារាល្បីអីទេមើលទៅ ទើបឈឺគ្មានសមាគមន៍ខាងណាអើពើ ខ្ញុំមិនចង់បានជំនួយទេ ចង់បានតែការសួរសុខទុក្ខ ក្នុងនាមជាសិល្បករ ដែលប្រឡូកក្នុងវិស័យសិល្បៈ ២០ ឆ្នាំមកហើយ (តូចចិត្ត)»។
ក្នុងនោះ បើតាមកិច្ចសម្ភាសមួយលោក អៀង ចេនឡា ក៏បានឱ្យដឹងថា បើទោះជាស្ថានភាពជំងឺរបស់លោកឈានមកដល់បែបនេះ គឺលោកនៅតែប្រឹងធ្វើការបន្តទៀត ហើយលោកមិនអំពាវនាវសុំជំនួយពីមហាជននោះឡើយ តែលោកអំពាវដល់ស្ថានីយទូរទស្សន៍ និង អ្នករៀបចំកម្មវិធីផ្សេងៗឱ្យហៅរូបលោកទៅសម្តែង ដើម្បីទទួលបានប្រាក់កម្រៃផង ព្រោះលោកមិនចង់ឱ្យឮពាក្យថា សិល្បៈពេលឈឺស្រែករកតែជំនួយនោះឡើយ។
យ៉ាងណាមិញ បើទោះជាលោក អៀង ចេនឡា មិនបានស្រែករកជំនួយពីសប្បុរសជនក៏ពិតមែន ប៉ុន្តែមហាជនអ្នកគាំទ្រ និង សិល្បករ-ការិនី ជាច្រើនបានបន្តចូលរួមបរិច្ចាគថវិកាដល់លោកជាបន្តបន្ទាប់រហូតធ្វើឱ្យលោករំភើបចិត្តយ៉ាងខ្លាំង និង បានបង្ហោះសារកាលពីថ្ងៃទី ០៧ ខែវិច្ឆិកា ឆ្នាំ ២០២១ ថា ៖ «ទោះបីជាខ្ញុំមិនបានអំពាវនាវសុំជំនួយ ពីបងប្អូនសប្បុរសជន តែដោយការអាណិតស្រឡាញ់ចំពោះរូបខ្ញុំ គ្រាន់តែឃើញលេខអាខោន ABA របស់ខ្ញុំ បងប្អូនបានបាញ់លុយមកជាបន្តបន្ទាប់ ខ្ញុំពិតជារំភើបណាស់ សម្រាប់ទឹកចិត្តដ៏ល្អរបស់បងប្អូន សូមអរគុណ និង សូមជូនពរបងប្អូនទាំងអស់ សូមឱ្យមានសុខភាពល្អ និង ជួបតែភាពមានបាន»៕