ខេមរៈ សិរីមន្ត សម្រេចធ្វើរឿងនេះយ៉ាងទាន់ហន់ ក្រោយមហាជនផ្ទុះការរិះគន់លើពាក្យ «ស្ទាវ»
អ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួន កំពុងជជែកវែកញែកតវ៉ា និង រិះគន់ចំៗទៅលើកំពូលតារាចម្រៀងដ៏ល្បីល្បាញ ខេមរៈ សិរីមន្ត ក្រោយលោកបង្កើតពាក្យស្លោកមួយថា «យុវវ័យសម័យថ្មីបើមិនមានដីផ្ទាល់ខ្លួនទេមិនស្ទាវទេ» ដោយមតិជាច្រើនរបស់មហាជនបានលើកឡើងថា លោកមិនគួរយកពាក្យ ស្ទាវ មកប្រើជាមួយនឹងមនុស្សទេ ព្រោះបើតាមវចនានុក្រមសម្ដេចសង្ឃ ជួនណាត ពាក្យ «ស្ទាវ» គឺជា គុណនាម មានន័យថា ជំទង់ (ចំពោះតែសត្វតិរច្ឆានឈ្មោលពួកខ្លះ) ឧទាហរណ៍ ៖ គោស្ទាវ ឬមាន់ស្ទាវ ជាដើម។
ដោយឃើញថាសន្ទុះនៃការរិះគន់របស់មហាជនកាន់តែបន្តកើនឡើង ស្រាប់តែ ខេមរៈ សិរីមន្ត បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុកផេកផ្លូវការរបស់លោកនៅថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ ២០២១ បកស្រាយនូវពាក្យស្លោកដែលលោកបានបង្កើតគឺគ្រាន់តែចង់អប់រំដល់យុវវ័យសម័យថ្មីឱ្យចេះស្រឡាញ់របស់ទ្រព្យ ជាពិសេសចេះចំណាយប្រាក់ឱ្យចំទិសដៅតែប៉ុណ្ណោះ។
ក្នុងសារដដែលនោះ ខេមរៈ សិរីមន្ត ក៏បានលើកឡើងថា ដោយសារតែមហាជនមួយចំនួនមិនសប្បាយចិត្តនឹងពាក្យ «ស្ទាវ» លោកនឹងកែតម្រូវ ដោយយកពាក្យផ្សេងមកជំនួស ហើយលោកថែមទាំងសុំឱ្យអ្នកគាំទ្រខំមិនបំពេញពាក្យនៅខាងក្រោមការផុសរបស់លោក ដើម្បីកែតម្រូវទៀតផង។
ខេមរៈ សិរិមន្ត រៀបរាប់ថា ៖ «អរគុណបងប្អូនទាំងអស់គ្នាដែលបានចាប់អារម្មណ៍លើពាក្យស្លោករបស់ខ្ញុំថា «យុវវ័យសម័យថ្មីបើមិនមានដីផ្ទាល់ខ្លួនទេមិនស្ទាវទេ» បងប្អូនខ្លះក៏យល់អត្ថន័យខ្ញុំចង់និយាយអប់រំប្អូនៗនៅវ័យជំទង់ឱ្យស្រឡាញ់របស់ទ្រព្យ និង ចេះចំណាយប្រាក់ឱ្យចំទិសដៅចង់ឱ្យអនាគតគាត់បានល្អ តែក៏មានបងប្អូនខ្លះមិនសប្បាយចិត្តនឹងពាក្យថា «ស្ទាវ» ចឹងខ្ញុំនឹងកែតម្រូវឡើងវិញហើយសូមបងប្អូនជួយកែតម្រូវទាំងអស់គ្នាដើម្បីជាប្រយោជន៍ដល់ការក្រើនរំឭកទៅប្អូនៗយុវវ័យយើងឱ្យពួកគាត់បានរីកចម្រើនតែប៉ណ្ណោះ»៕