ផ្ទុះផ្អើលជាថ្មីពីទំនាក់ទំនងជាមួយ Mike ព្រោះសុខៗ Pooklook ស្រាប់តែបង្ហោះសារបែបនេះឡើង
ជារឿយៗ គូស្នេហ៍របស់តារាស្រី Pooklook និង Mike Pattaradet ត្រូវបានមហាជនចាប់ក្រសែភ្នែកមើលជាខ្លាំង ព្រោះអ្នកទាំងពីរគឺជាគូស្នេហ៍ដ៏ស័ក្តិសមមួយនៅក្នុងពិភពសិល្បៈថៃ។ ជាពិសេស ក្រោយអ្នកទាំងពីរទាក់ទងគ្នាយ៉ាងផ្អែមល្ហែមអស់រយៈពេលជាច្រើនឆ្នាំមក ឃើញថាខាងស្រីក៏ធ្លាប់ចេញមុខបញ្ជាក់ពីទំនាក់ទំនងរបស់អ្នកទាំងពីរកាលពីពេលកន្លងទៅដែរថា ពេលនេះអ្នកទាំងពីរបានប្តូរឈ្មោះពីសង្សារមកក្លាយជាមនុស្សម្នាក់ផ្សេងទៀតដែលយល់ចិត្តវិញ។
ទោះជាយ៉ាងណា ខណៈពេលនោះដែរ គ្រាន់តែមហាជនឮបែបនេះ ម្នាក់ៗពិតជាមានចម្ងល់ជាខ្លាំងថា អ្នកទាំងពីរប្តូឈ្មោះពីរសង្សារនឹងគ្នា តើប្រែក្លាយជាមិត្តធម្មតា ឬ អ្វីឱ្យប្រាកដ? ព្រោះមកទល់ពេលនេះឃើញថាអ្នកទាំងពីរហាក់បីដូចជាឃ្លាតឆ្ងាយគ្នាតែម្តង បើទោះបីជាអ្នកទាំងពីរនៅតែនិយាយថា អ្នកទាំងពីរនៅបារម្ភ ឈឺឆ្អាលគ្នាជាធម្មតាក៏ដោយ។
ជាក់ស្តែង អ្វីដែលកាន់តែធ្វើឱ្យមហាជនមានចម្ងល់កាន់តែខ្លាំងថាអ្នកទាំងពីរជាអ្វីនឹងគ្នាឱ្យប្រាកដនោះ នៅពេលដែលឃើញតារាស្រី Pooklook បង្ហោះសារយ៉ាងប្លែកកាលពីថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ ២០២១ កន្លងទៅថា ៖ «ប្រសិនបើអ្នកចង់បានភាពកក់ក្តៅ មករកខ្ញុំបាន ខ្ញុំអាចធ្វើឱ្យអ្នកកក់ក្តៅជាងដណ្តប់ភួយទៅទៀត»។
យ៉ាងណាមិញ ក្នុងអត្ថន័យក្នុងការបង្ហោះសាររបស់នាងមួយនេះ ហាក់បីដូចជានាងចង់បង្ហាញថានៅទំនេរចង់បានអ្នកស្អំបេះដូងអ៊ីចឹង។ ទាំងនេះហើយ ទើបធ្វើឱ្យមហាជនមានចម្ងល់ថា តើពេលនេះទំនាក់ទំនងនាង និង Mike ទៅជាបែបណាហើយ ជាគូស្នេហ៍ធម្មតា ឬ យ៉ាងណា?
ប្រភព៖ daradaily