អីយ៉ាស់! លើកនេះ Kenneth Ma បង្ហើបដំរួយពីគម្រោងរៀបអាពាហ៍ពិពាហ៍ហើយ
ចាប់តាំងពីតារាសម្ដែងប្រុស Kenneth Ma និង តារាសម្ដែងស្រី Roxanne Tong បានប្រកាសពីទំនាក់ទំនងស្នេហា កាលពីឆ្នាំ ២០២០ កន្លងទៅ ចាប់អារម្មណ៍ឃើញថាមានទស្សនិកជនជាច្រើន តែងតែចាប់ចិត្តចង់តាមដានយ៉ាងខ្លាំង ក៏ព្រោះតែលក្ខណៈសម្បត្តិរបស់អ្នកទាំងពីរស័ក្តិសមគ្នា។
អំឡុងពេលកំពុងទាក់ទងគ្នា មានសំនួរជាច្រើនបានចោទសួរមកកាន់គូស្នេហ៍តារាល្បីមួយគូនេះថា តើពេលណាអ្នកទាំងពីររៀបការជាមួយគ្នា? ទោះបី Kenneth Ma ធ្លាប់បានបដិសេធច្រើនលើកច្រើនសារមកហើយពីរឿងចចាមអារ៉ាមកាលពីថ្មីៗនេះថា លោកបានទិញចិញ្ចៀនរៀបការរួចរាល់ហើយ ប៉ុន្តែតារាប្រុសរូបនេះ ក៏បានបញ្ជាក់ដែរថា គាត់កំពុងស្វែងរកទិញផ្ទះថ្មីដើម្បីត្រៀមសម្រាប់ជីវិតអាពាហ៍ពិពាហ៍ប៉ុណ្ណោះ។
នេះបើតាមនិយាយក្នុងកម្មវិធី «Kids Lives Matter» នៅពេលនោះ តារាប្រុសរូបនេះ ត្រូវបានតាមសួរគ្រប់ជ្រុងពីរឿងជិតរៀបការឬនៅ? បើទោះជា លោកថានឹងប្រកាសប្រសិនបើមានដំណឹងល្អចង់ចែករំលែក ប៉ុន្តែលោកបានសារភាពថា នឹងរកទិញផ្ទះដើម្បីរៀបចំគម្រោងនៃជីវិតអាពាហ៍ពិពាហ៍។ បច្ចុប្បន្ន តារាប្រុសរូបនេះកំពុងស្វែងរក ទាំងលោក និង Roxanne បានព្រមព្រៀងគ្នាហើយ មិនទិញផ្ទះនៅជិតស្ថានីយ៍ TVB នោះទេ។
យ៉ាងណាមិញ នៅពេលគេសួរថា តើលោកនឹងមានគម្រោងបង់ថ្លៃផ្ទះថ្មីដោយខ្លួនឯងឬយ៉ាងណា? ភ្លាមនោះ Kenneth បានឆ្លើយតបថា៖ «បាទ, ប្រសិនបើខ្ញុំអាចធ្វើវាដោយខ្លួនឯង»។
ដោយសារ លោក និង Roxanne មានទ្រព្យសម្បត្តិផ្ទាល់ដាច់ដោយឡែកពីគ្នារួចហើយ ដូច្នេះ Kenneth មានបំណងដាក់សមាជិកគ្រួសាររបស់លោក ជាម្ចាស់កម្មសិទ្ធិ។ ក្នុងនោះ លោកបាននិយាយដោយជឿជាក់ថា «ខ្ញុំកម្រនឹងឈ្លោះជាមួយគ្រួសារខ្ញុំណាស់អំពីលុយ»៕
ប្រភព៖ JAYNESTARS