តាំងពីផ្ទុះអាស្រូវស្នេហ៍នឹង Vill Wannarot ម្តងមក Son Yuke មិនទាន់ក្លាហានបង្ហាញមុខអ្នកថ្មី ព្រោះមូលហេតុនេះ
ប្រិយមិត្តប្រាកដជានៅចងចាំនៅឡើយពីតារាប្រុស លោក Son Yuke ដោយលោកជាតារាសម្តែងដ៏មានប្រាជាប្រិយភាពម្នាក់នៅក្នុងពិភពសិល្បៈថៃ។ បើងាកទៅមើលពីជីវិតស្នេហ៍របស់របស់តារាប្រុសរូបនេះវិញនេះ ជឿជាក់ថាមហាជនពិតជានៅចាំមិនភ្លេចនោះទេ ទាក់ទងទៅនឹងប្រវត្តិអាស្រូវស្នេហារបស់លោកជាមួយនឹងតារាស្រី Vill Wannarot កាលពីជាច្រើនឆ្នាំកន្លងទៅនោះ។
អំឡុងពេលនោះ ក្រោយពីផ្ទុះរឿងអាស្រូវថាមានស្នេហានឹងគ្នា តារាស្រី Vill Wannarot ក៏មិនបាននៅស្ងៀមនោះដែរ ដោយនាងបានចេញមុខបកស្រាយថា នាង និង តារាប្រុស Son Yuke មិនមានទំនាក់ទំនងគ្នានោះទេ គ្រាន់តែជាមិត្តរួមអាជីពជាមួយគ្នាតែប៉ុណ្ណោះ។ ទោះជាយ៉ាងណា ពេលនោះមហាជននៅតែគិតថាអ្នកទាំងពីរមិនមែនជាមិត្តធម្មតាឡើយ ព្រោះមិត្តភក្តិឯណាឈានទៅដល់ការ Unfollow Instagram គ្នាទៅវិញនោះ។
បើងាកមកមើលពីជីវិតឯកជនរបស់តារាប្រុស Son Yuke វិញ តាំងពីផ្ទុះរឿងអាស្រូវស្នេហាជាមួយតារាស្រី Vill Wannarot ផ្អើលអស់អ្នកគាំទ្រមក ក៏ធ្លាយដំណឹងថាលោកបានមានទំនាក់ទំនងស្នេហាជាមួយនារីក្រៅរង្វង់សិល្បៈម្នាក់ តែលោកនៅពុំទាន់បង្ហាញមុខនារីម្នាក់នោះឱ្យមហាជនបានស្គាល់ និង ឃើញនោះទេ រហូតមកដល់ពេលនេះ។
ក្នុងនោះដែរ លោកក៏បានបញ្ជាក់យ៉ាងច្បាស់ថា ពេលវេលាល្អមកដល់លោកនឹងបង្ហាញមុខគូស្នេហ៍ថ្មីឱ្យមហាជនបានស្គាល់ ហើយបើព្រមព្រៀងគ្នាមានឱកាសល្អហើយ លោកនឹងចាប់ដៃគ្នាឈានទៅដល់ថ្ងៃពិសេសផងដែរ៕
ប្រភព៖ Thairath